(កោះកុង)៖ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះថា បើគ្មានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» អាចនឹងដាក់ឱ្យដំណើរការហោះហើរ នៅដំណាច់ខែសីហា ឆ្នាំ២០២៤។

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិ តារាសាគរ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្នើសុំដាក់ដំណើរការ ការហោះហើរជាលក្ខណៈក្នុងស្រុកកម្រិតបឋមជំហានដំបូង រួមជាមួយការបន្តធ្វើនូវនីតិវិធីបន្តបន្ទាប់ ដើម្បីឈានជើងបណ្តើរៗ ទៅរកការបើកការហោះហើរកម្រិតមធ្យម កម្រិតធំជាលក្ខណៈអន្តរជាតិ នាពេលខាងមុខ។

លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ដូច្នេះថា «បើគ្មានអ្វីប្រែប្រួលទេ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅក្នុងដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត 2B ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់»។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ​ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណងវិស័យទេសចរណ៍។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុងទុកជិត១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ។ បច្ចុប្បន្ន អាកាសយានដ្ឋាននេះ សាងសង់បានប្រមាណជិត១០០% ហើយ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។

បើតាមការបញ្ជាក់របស់លោក ស៉ីន ចាន់សិរីវុត្ថា នៅរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ២.៥៨លាននាក់។ ប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះបន្តិច៕