(បាងកក)៖ រដ្ឋាភិបាលថៃនឹងជួបប្រជុំជាមួយសមភាគីម៉ាឡេស៊ីនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មរួម (JTC) នៅថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៣០ពាន់លានដុល្លារនៅឆ្នាំ២០២៥។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

អ្នកស្រី Chotima Iemsawasdikul អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ប្រទេសថៃត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Phumtham Wechayachai នឹងចូលរួមកិច្ចប្រជុំ JTC លើកទីបីរវាងប្រទេសថៃនិងម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

អ្នកស្រី Chotima មានថ្លែងថា កិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំ JTC លើកដំបូងរបស់ប្រទេសថៃជាមួយប្រទេសអាស៊ាននៅឆ្នាំនេះ។ អ្នកស្រីបានបន្ថែមថា វានឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរពីចំនួន ២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដល់ ៣០ពាន់លានដុល្លារនៅឆ្នាំក្រោយ និងពន្លឿនវិធានការរបស់ម៉ាឡេស៊ីក្នុងការបើកទីផ្សារសម្រាប់ផលិតផលកសិកម្មថៃបន្ថែមទៀត។

លើសពីនេះ ប្រទេសទាំងពីរនឹងស្វែងរកការបង្កើតភាពជាដៃគូថ្មីដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសហគ្រិនរបស់ប្រទេសទាំងពីរស្ថិតក្រោមគោលនយោបាយរបស់លោក Phumtham ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម កាត់បន្ថយឧបសគ្គពាណិជ្ជកម្ម និងធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីមានភាពអំណោយផល។ កិច្ចប្រជុំនេះក៏នឹងក្លាយជាឱកាសជំរុញការតភ្ជាប់សេដ្ឋកិច្ចតាមបណ្តោយព្រំដែន។

យោងតាមកាសែតបាងកកប៉ុស្តិ៍ ម៉ាឡេស៊ីជាដៃគូពាណិជ្ជកម្មទីមួយរបស់ប្រទេសថៃក្នុងតំបន់អាស៊ាន និងឈរនៅលំដាប់ទីបួនក្នុងចំណាត់ថ្នាក់រួម។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនសរុប ២៥ពាន់លានដុល្លារកាលពីឆ្នាំមុន និង ១០,៧៨៧ពាន់លានដុល្លារក្នុងអំឡុងពេលប្រាំខែដំបូងក្នុងឆ្នាំនេះ៕