(ភ្នំពេញ)៖ ជាមោទនភាពមួយ សម្រាប់ផលិតផលរបស់ប្រទេសកម្ពុជា ដែលសូត្រខ្មែរ ត្រូវបាននាំចេញទៅប្រទេសជប៉ុន ហើយជប៉ុនបានយកទៅធ្វើជាសម្លៀកបំពាក់ប្រពៃណីផងដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីបណ្ឌិត ម៉ី កល្យាណ ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែរ។

ការបញ្ជាក់ឲ្យដឹងបែបនេះ របស់បណ្ឌិត ម៉ី កល្យាណ ធ្វើឡើងក្នុងឱកាសដែល អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យសូត្ររបស់កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

បណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់យ៉ាងដូច្នេះថា «ជប៉ុន បានយកសូត្រខ្មែរ ដើម្បីយកទៅធ្វើជាសម្លៀកបំពាក់ប្រពៃណីជប៉ុន ហើយការដែលយកសូត្រខ្មែរ ទៅធ្វើជាសម្លៀកបំពាក់ប្រពៃណីបែបនេះ គឺជារឿងមិនធម្មតានោះទេ ហើយខ្ញុំជឿជាក់ថា តម្រូវការនឹងមានការកើនឡើងជាបន្ដបន្ទាប់»

បន្ថែមពីនោះទៀត ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែររូបនេះ បានបញ្ជាក់ថា នេះជាគំរូមួយធំ ក្នុងការអភិវឌ្ឍសូត្រ តាំងពីការស្រាវជ្រាវបច្ចេកទេស និងជាមួយខាងកសិករ និងអ្នកត្បាល់ ដើម្បីនាំចេញយកទៅលក់ ហើយត្រូវការពេលវេលាច្បាស់លាស់ ជាពិសេសកិច្ចសហការជាមួយជប៉ុន ត្រូវមានភាពច្បាស់លាស់ ទាំងគុណភាព។

បណ្ឌិត ម៉ី កល្យាណ ក៏បានពន្យល់អំពីរបៀប នៃការផលិតសូត្រ ដែលមានលក្ខណៈស្ដង់ដារ ដោយការធ្វើសូត្រនេះ វាមានច្រើនដំណាក់កាល ក្នុងការផលិតមុននឹងទទួលបានទិដ្នផល។ ជាមួយគ្នានេះ លោកបានលើកឡើងថា​ ប្រសិនបងប្អូនត្រូវការសូត្រខ្មែរ ដែលមានគុណភាពខ្ពស់ អាចទាក់ទងលោកស្រី សុខា លេខទូរស័ព្ទ៖ ០១២ ៤៩២ ០៩៣៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់បណ្ឌិត ម៉ី កល្យាណ៖