(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត(Royal Group Phnom Penh SEZ) ដែលជាតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកឧកញ៉ា គិត ម៉េង បានចុះបញ្ជីលក់មូលបត្របំណុលបៃតងជាផ្លូវការ នៅផ្សារមូលបត្រកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីកៀរគរទុនពីសាធារណជន អភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។

ពិធីចុះបញ្ជីលក់មូលបត្រជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព បណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងថា វិស័យមូលបត្រ ត្រូវបានចាត់បញ្ចូលទៅក្នុងវិស័យអាទិភាព របស់រាជរដ្ឋាភិបាល ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ១. ការធ្វើពិពិធកម្មប្រភពធនធានហិរញ្ញវត្ថុ, ២. ការបង្កើនប្រសិទ្ធភាពមូលធន, ៣. ការលើកកម្ពស់ភាពប្រកួតប្រជែង និង ៤. ការពង្រឹងតម្លាភាព និង អភិបាលកិច្ចសាជីវកម្ម ។

បណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រការសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងវិស័យមូលបត្រ និងមានជំនឿមុតមាំថា ផ្សារមូលបត្រកម្ពុជានឹងបោះជំហានទៅមុខកាន់តែស្វាហាប់ តាមរយៈការទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីៗជាបន្តបន្ទាប់ ហើយវត្តមានរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Royal Group និង ក្រុមហ៊ុនសក្តានុពលមួយចំនួនទៀត បាន និង កំពុងជំរុញការអភិវឌ្ឍទីផ្សារមូលបត្រមួយនេះ ឱ្យកាន់តែបោះជំហានលឿនទៅមុខជាលំដាប់ ។

លោក ស៊ូ សុជាតិ បានសម្តែងការអបអរសារទរដល់ក្រុមហ៊ុន Royal Group Phnom Penh SEZ ដែលបានសម្រេចនូវការចុះបញ្ជីសញ្ញាបណ្ណបៃតង បន្ថែមពីការបោះផ្សាយ និងចុះបញ្ជីភាគហ៊ុន ២ដង កាលពីខែ ឧសភា ឆ្នាំ ២០១៦ និង ខែ តុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ។ ការបោះផ្សាយ និង បញ្ជីសញ្ញាបណ្ណបៃតងនេះ បានទទួលនូវជំនួយបច្ចេកទេស ការគាំទ្រផ្នែកហិរញ្ញវត្ថុ និង កិច្ចសហការរួមគ្នារវាង និយ័តករមូលបត្រកម្ពុជា, GGGI, UNESCAP, CGIF & GuarantCo ដែលបានសម្រួលដល់ដំណើរការ និងការចំណាយសម្រាប់ការបោះផ្សាយផងដែរ ។
លោក ហុង សុហួរ មានប្រសាសន៍ថាគិតត្រឹមខែ មិថុនា ឆ្នាំ ២០២៤នេះ, ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន ២៣ រួមមាន ក្រុមហ៊ុនចុះបញ្ជីជាភាគហ៊ុនចំនួន ១១ និង ក្រុមហ៊ុនចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ១២ ដោយបានប្រមូលទុនពីផ្សារមូលបត្រសរុបប្រមាណ ៣៨៩ លានដុល្លារអាមេរិក ហើយផ្សារមូលបត្រកម្ពុជា រំពឹងថានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង សញ្ញាបណ្ណសាជីវកម្ម ជាបន្តបន្ទាប់ទៀត ក្នុងឆ្នាំ ២០២៤ នេះ ។

ដើម្បីពន្លឿនការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា ឱ្យរីកចម្រើនខ្លាំងក្លា បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកទឹកចិត្ត លោក ស៊ូ សុជាតិ លោក ហុង សុហួរ និង គ្រប់តួអង្គពាក់ព័ន្ធ ក្នុងការរួមសហការគ្នាជិតស្និទ្ធថែមទៀត ដោយផ្តោតអាទិភាពលើ ១. ការបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រឱ្យបានកាន់តែទូលំទូលាយ, ២. ការបង្កើនកិច្ចសហការជាមួយស្ថាប័នហិរញ្ញវត្ថុ សមាគមធុរកិច្ចជាតិ និង អន្តរជាតិ, ៣. ការបន្តខិតខំធ្វើពិពិធកម្មផលិតផលមូលបត្រ ដើម្បីបង្កើតឱ្យមានផលិតផលជួញដូរឱ្យបានច្រើន និង សម្បូរបែប, ៤. ការអភិវឌ្ឍផ្សារមូលបត្រឱ្យកាន់តែមាន ប្រសិទ្ធភាព និង សុវត្ថិភាពសម្រាប់ការវិនិយោគ, និង ៥. ការផ្តល់សេវាកម្មគាំទ្រចាំបាច់ផ្សេងៗ ពាក់ព័ន្ធនឹងវិស័យមូលបត្រ ៕