(ក្រុងកាងណាម)៖ ក្រុមហ៊ុន Heineken Vietnam បានបិទរោងចក្រផលិតស្រាបៀររបស់ខ្លួន នៅក្នុងខេត្តកាងណាម (Quang Nam) ខណៈដែលក្រុមហ៊ុនព្យាយាមកាត់បន្ថយការចំណាយ ក្នុងគ្រាដែលការលក់ធ្លាក់ចុះ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសហូឡង់មួយនេះ បានឱ្យដឹងថា៖ «យើងនឹងបញ្ឈប់សកម្មភាពទាំងអស់ នៅក្នុងរោងចក្រ ហើយស្វែងរកក្រុមហ៊ុននានា ដែលមានលទ្ធភាពទិញយកទ្រព្យសកម្មរបស់ក្រុមហ៊ុន។ យើងមិនមានចេតនាបន្តប្រតិបត្តិការណាមួយ នៅរោងចក្រកាងណាមនាពេលអនាគតទេ»។

ក្រុមហ៊ុន Heineken Vietnam បានឱ្យដឹងទៀតថា និយោជិតមួយចំនួនរបស់រោងចក្រនេះ នឹងត្រូវបានជួលឱ្យធ្វើការនៅរោងចក្រផ្សេងទៀតរបស់ក្រុមហ៊ុន ហើយបុគ្គលិកដែលនៅសល់នឹងត្រូវបានផ្តល់សំណងផ្សេងទៀត ដូចជាប្រាក់បំណាច់ប្រសើរជាងកិច្ចសន្យាជាដើម។

ក្រុមហ៊ុនបានដឹងទៀតថា ការបិទរោងចក្រនេះ គឺដោយសារតែការថយចុះការប្រើប្រាស់ស្រាបៀរ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ និងវិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាល ចំពោះការបើកបរក្នុងស្ថានភាពស្រវឹង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

សមាគមស្រាបៀរ អាល់កុល និងភេសជ្ជៈវៀតណាមបានឱ្យដឹងថា ការលក់ស្រាបៀរកាលពីឆ្នាំមុនបានធ្លាក់ចុះ ១១% ហើយប្រាក់ចំណេញរបស់ឧស្សាហកម្មបានធ្លាក់ចុះ ២៣%។ នេះបើយោងតាមកាសែត VN Express៕