(ព្រុចសែល)៖ សហភាពអឺរ៉ុប និងប្រទេសថៃ បានបញ្ចប់ការចរចាពាណិជ្ជកម្មសេរីជុំទីបី សម្រាប់កិច្ចព្រមព្រៀង ហើយកិច្ចពិភាក្សា ជុំទី៤ គ្រោងនឹងធ្វើនៅប្រទេសថៃ នៅថ្ងៃទី៤ ខែវិច្ឆិកា។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោកស្រី Chotima Iemsawasdikul អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មប្រទេសថៃ ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា ការចរចាជុំទី៣ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ និងសហភាពអឺរ៉ុប (FTA) បានធ្វើឡើងនៅថ្ងៃទី១៧ ដល់ ២១ ខែមិថុនានៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។

លោកស្រីបានបន្តថា ការពិភាក្សានេះបានគ្របដណ្តប់លើគ្រប់វិស័យជាច្រើន ដែលស្ថិតក្រោមវិសាលភាពនៃកិច្ចព្រមព្រៀងនាពេលអនាគត ដោយមានក្រុមចរចាចំនួន២០ បានជួបប្រជុំគ្នាក្នុងអំឡុងកិច្ចប្រជុំរយៈពេល ១សប្តាហ៍នេះ។

កាលវិភាគមួយត្រូវបានកំណត់សម្រាប់ក្រុមទាំងអស់ ទាក់ទងនឹងសកម្មភាពនាពេលខាងមុខ រួមទាំងទិន្នន័យ និងការផ្លាស់ប្តូរមតិយោបល់ ការពិភាក្សាអំពីសេចក្ដីព្រាងបន្ថែម និងការចរចាបណ្តោះអាសន្ន។

លោកស្រី Chotima បាននិយាយថា សកម្មភាពទាំងនេះ ត្រូវបានរៀបចំឡើងសម្រាប់ឱ្យមានវឌ្ឍនភាពដ៏សំខាន់បំផុត នៅក្នុងការចរចាជុំទី៤ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកានៅទីក្រុងបាងកក។

រដ្ឋាភិបាលថៃ បានផ្តល់អាទិភាពដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ និងសហភាពអឺរ៉ុប ក្នុងគោលបំណងបង្កើនឱកាសពាណិជ្ជកម្មរបស់ប្រទេសថៃ នៅក្នុងទីផ្សារសហភាពអឺរ៉ុប ដែលមានអំណាចទិញខ្ពស់ ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំទីបី របស់ពិភពលោក ដែលមានប្រទេសសមាជិកចំនួន២៧ ។ រដ្ឋាភិបាលថៃ ក៏ចង់ទាក់ទាញការវិនិយោគពីសហភាពអឺរ៉ុប និងតំបន់ផ្សេងទៀតផងដែរ។

កាលពីឆ្នាំមុន ការនាំចេញរបស់ប្រទេសថៃ ទៅកាន់អឺរ៉ុបមានចំនួនសរុប ២១,៨ពាន់លានដុល្លារ ធ្លាក់ចុះ ៤,២១% ខណៈដែលការនាំចូលពីអឺរ៉ុបមានតម្លៃ ១៩,៨ពាន់លានដុល្លារ កើនឡើង ៨,៥%។ សម្រាប់រយៈពេលប្រាំខែដំបូងក្នុងឆ្នាំនេះ ពាណិជ្ជកម្មបានកើនឡើងដល់ ១៨ពាន់លានដុល្លារ កើនឡើង ១,៥៨% ធៀបនឹងរយៈពេលដូចគ្នាកាលពិឆ្នាំមុន។ ការនាំចេញរបស់ថៃ ទៅកាន់សហភាពអឺរ៉ុបបានកើនឡើង ៣,៧៥% ដល់ ៩,៨ពាន់លានដុល្លារ ខណៈដែលការនាំចូលពីសហភាពអឺរ៉ុបមានតម្លៃ ៨,២ពាន់លានដុល្លារ ធ្លាក់ចុះ ០,៩២% ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕