(ក្រុងឡុងដ៏)៖ ប្រាក់យ៉េនកាលពីថ្ងៃពុធបានធ្លាក់ចុះថ្លៃដល់កម្រិតទាបបំផុតគិតចាប់តាំងពីឆ្នាំ១៩៨៦ ធៀបនឹងប្រាក់ដុល្លារ ដែលធ្វើឱ្យទីផ្សារប្តូររូបិយប័ណ្ណមានការប្រុងប្រយ័ត្នចំពោះសញ្ញាណាមួយនៃការអន្តរាគមន៍ពីអាជ្ញាធរជប៉ុនដើម្បីជំរុញរូបិយប័ណ្ណដែលកំពុងធ្លាក់ចុះថ្លៃ។ នេះបើយោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រាក់ដុល្លារអាមេរិកត្រូវបានជួញដូរក្នុងតម្លៃ ១៦០,៣៩យ៉េនក្នុងមួយដុល្លារ ដែលតម្លៃមិនធ្លាប់មានគិតចាប់តាំងពីខែធ្នូ ឆ្នាំ១៩៨៦ ដោយសារគម្លាតអត្រាការប្រាក់រវាងប្រទេសទាំងពីរបានបន្តធ្វើឱ្យប៉ះពាល់ដល់រូបិយប័ណ្ណរបស់ប្រទេសជប៉ុន។

ក្រុមអ្នកវិភាគបានឱ្យដឹងថា ក្រុមពាណិជ្ជករកំពុងរង់ចាំមើលដោះស្រាយរបស់ក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់ប្រទេសជប៉ុន ដែលបានចំណាយប្រាក់ចំនួន៦២ ពាន់លានដុល្លារកាលពីចុងខែមេសា និងដើមខែឧសភា ដើម្បីគាំទ្រប្រាក់យ៉េនៅពេលដែលរូបិយប័ណ្ណនេះបានធ្លាក់ចុះលើសពី១៦០យ៉េនក្នុងមួយដុល្លារ។

ទោះបីជាប្រទេសជប៉ុនបានដំឡើងអត្រាការប្រាក់នៅឆ្នាំនេះដល់ចន្លោះពី ០ ដល់ ០,១ភាគរយក៏ដោយ ក៏អត្រាការប្រាក់របស់សហរដ្ឋអាមេរិកពី ៥,២៥ភាគរយទៅ ៥,៥ភាគរយមានន័យថា វិនិយោគិនកំពុងសម្រុកទៅរកប្រាក់ចំណេញខ្ពស់ពីទ្រព្យសកម្មជាដុល្លារដែលជំរុញរូបិយប័ណ្ណអាមេរិកឡើងថ្លៃធៀបនឹងប្រាក់យ៉េន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕