(បាងកក)៖ បទប្បញ្ញត្តិដែលអនុញ្ញាតឱ្យនាយកដ្ឋានប្រាក់ចំណូលនៃក្រសួងសេដ្ឋកិច្ចប្រទេសថៃប្រមូលពន្ធលើតម្លៃបន្ថែម ៧% លើផលិតផលនាំចូលដែលមានតម្លៃតិចជាង ១ ៥០០បាតត្រូវបានចេញផ្សាយហើយនៅក្នុងសៀវភៅរាជកិច្ចរបស់ថៃ ហើយនឹងចូលជាធរមាននៅថ្ងៃទី៥ ខែកក្កដា។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

គណៈរដ្ឋមន្ត្រីថៃបានអនុម័តវិធាននេះដើម្បីឆ្លើយតបទៅនឹងការត្អូញត្អែររបស់អាជីវកម្មខ្នាតតូចអំពីការលំបាកក្នុងការប្រកួតប្រជែងជាមួយទំនិញតម្លៃថោកពីបរទេស ជាពិសេសផលិតផលដែលលក់តាមអ៊ីនធឺណិត។ ទំនិញនាំចូលដែលលក់ក្នុងតម្លៃតិចជាង ១ ៥០០បាត បច្ចុប្បន្នត្រូវបានលើកលែងអាករលើតម្លៃបន្ថែមនៅក្នុងប្រទេសថៃ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្តីរបស់មន្រ្តីក្រសួងហិរញ្ញវត្ថុថា បទប្បញ្ញត្តិនេះនឹងចូលជាធរមានរហូតដល់ថ្ងៃទី៣១ ខែធ្នូ ដោយផ្តល់ពេលដល់អាជ្ញាធរធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ដើម្បីធ្វើឱ្យច្បាប់នេះចូលជាធរមានអចិន្ត្រៃយ៍។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Julapun Amornvivat បាននិយាយកាលពីខែកុម្ភៈថា ទំនិញតម្លៃថោកៗជាពិសេសទំនិញពីប្រទេសចិន ដែលត្រូវបានលើកលែងពន្ធគយនិងអាករលើតម្លៃបន្ថែម កំពុងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតក្នុងស្រុក។

លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន ក៏បានកត់សម្គាល់ផងដែរអំពីនិន្នាការនៃការប្រកាសមិនត្រឹមត្រូវដែលធ្វើឡើងចំពោះផលិតផលចិនតម្លៃថោកនៅក្នុងតំបន់ពាណិជ្ជកម្មសេរី ដើម្បីជៀសវាងបង់អាករលើតម្លៃបន្ថែម ដែលលោកថាគួរតែត្រូវបានដកហូត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕