(ភ្នំពេញ)៖ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជំនឿចិត្តពីសាធារណជន គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃភាពរីកចម្រើន និងភាពលូតលាស់របស់វិស័យធនាគារ និងហិរញ្ញវត្ថុ។ ក្នុងន័យនេះ ប្រតិបត្តិករក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវផ្ដល់សេវាធនាគារប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការអនុវត្តបទប្បញ្ញត្តិ និងក្រមប្រតិបត្តិនានានៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

នៅក្នុងប្រទេសកម្ពុជា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា ត្រូវអនុលោមតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិនានាផ្សេងៗទៀត។

សមាគមធនាគារនៅកម្ពុជា ដែលតំណាងឱ្យសមាជិកធនាគារទាំងអស់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។ ជាក់ស្ដែង នាឆ្នាំ២០២២ កន្លងទៅនេះ សមាគមធនាគារនៅកម្ពុជា រួមគ្នាជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ៕