(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការឆ្លើយតបក្ដីកង្វល់នានារបស់អ្នករកស៊ី ទាក់ទិននឹងការរៀបចំឯកសារ។

លោក ឡុង ឌីម៉ង់ បានថ្លែងថា អភិបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្លាំងណាស់ លើសេវាសាធារណៈ ពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ដោយអាចរកចំណូលចូលរដ្ឋបានច្រើនជាងមុន និងអាចកាត់បន្ថយភាពស្មុគស្មាញថែមទៀត។

លោកបានបន្ដថា សម្រាប់ខេត្តព្រះសីហនុមិនចង់ឃើញ និងមិនឲ្យប្រជាពលរដ្ឋកាន់ឯកសារពីមួយកន្លែងទៅមួយកន្លែង ត្រឡប់ទៅត្រឡប់មកនោះទេ ដូច្នេះអ្វីដែលយើងយល់ពីការលំបាកទាំងនោះ ដូច្នេះយើងជំរុញឱ្យភាពងាយស្រួលជូនប្រជាពលរដ្ឋ។

លោកបន្តថា កត្តាមួយទៀតសម្រាប់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកទាំងអស់ តាមរយៈច្បាប់វិនិយោគថ្មី គឺបានធ្វើការផ្ដល់ជូនវិមជ្ឈការ ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃជាដើម កំពុងលើកទឹកចិត្តក្នុងការជំរុញឲ្យការអនុវត្តន៍យន្ដការ អនុគណៈកម្មការវិនិយោគ រាជធានីខេត្ត ដើរតួនាទីជំនួសថ្នាក់ជាតិ មានន័យថា អនុគណៈកម្មការវិនិយោគអាចសម្រេច ឬចុះបញ្ជីបានលើការវិនិយោគតម្លៃក្រោម ៥លានដុល្លារ។

លោកបានបញ្ជាក់ថា ទាំងនេះជាចំណុចមួយចំនួន ដើម្បីកាត់បន្ថយភាពស្មុគស្មាញ ដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក យន្ដការនេះក៏ដើរតួនាទីជាច្រកចេញចូលតែមួយ បម្រើដល់អ្នកវិនិយោគ៕