(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយសហការី នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុនចិន ចំនួន១១ មកពីទីក្រុងសៀងហៃ ឆីងទូ ហាងចូវ និងខេត្តចេជាង ដឹកនាំដោយលោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក (KOH KONG ZHEJIANG SEZ CO., LTD.)។

ក្រុមហ៊ុនទាំងនោះ មានកម្មវត្ថុអាជីវកម្មក្នុងវិស័យសណ្ឋាគារ ថ្នាំពេទ្យ សម្ភារៈវេចខ្ចប់ (កេសកាតុង និងសម្ភារៈប្លាស្ទិក) ឧស្សាហកម្មគីមី - អេប៉ុង និងផលិតខ្មៅដៃ និងគ្រឿងសង្ហារឹម។

អគ្គលេខាធិការ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល។

អគ្គលេខាធិការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោក ជូ ចាងជីន ដែលបានចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរនៅកម្ពុជា គឺ៖
ទី១៖ តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅឆ្នាំ២០១៨
និងទី២៖ តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលទើបទទួលបានគោលការណ៍អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ។

លោកអគ្គលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនឹងវិស័យដែលមានសក្តានុពល ការផ្តល់កិច្ចសម្រួលវិនិយោគ និងបានធ្វើការកត់សម្គាល់ ពីកំណើនវិនិយោគចិននៅកម្ពុជា។ បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមាន តុចិន (China Desk) សម្រាប់រង់ចាំផ្ដល់ការប្រឹក្សា និងកិច្ចសម្រួលនានា ជូនវិនិយោគិនចិនផងដែរ។

លោក ជូ ចាងជីន បានជម្រាបជូនថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នមានការបណ្ដាក់ទុនវិនិយោគពេញក្នុងតំបន់ រីឯតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នមានការបណ្ដាក់ទុនវិនិយោគចំនួន ២៨ ក្រុមហ៊ុនហើយនឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេង ឲ្យមកបណ្តាក់ទុនក្នុងតំបន់នេះ ឲ្យបាន១០០ក្រុមហ៊ុន នៅក្នុងឆ្នាំ២០២៤នេះ។

បន្ថែមលើនេះ ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កោះកុងចេជាង នឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្នែកភាសា និងផ្នែកជំនាញបច្ចេកទេស នៅពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស។

លោក ជូ ចាងជីន ក៏បានលើកឡើងពីការអភិវឌ្ឍន៍ឧស្សាហកម្ម ដែលទាមទារឲ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនី, ប្រព័ន្ធដឹកជញ្ចូនដែលមានភាពអំណោយផល និងការទាក់ទាញឲ្យបានច្រើនថែមទៀត នូវឧស្សាហកម្មគាំទ្រដែលនឹងជួយធានាដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

ជាការឆ្លើយតប លោកអគ្គលេខាធិការ បានជម្រាបជូនថា សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ក្រោមការដឹកនាំដ៍ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី វិស័យថាមពល គឺនៅតែជាអាទិភាពគន្លឹះសម្រាប់ការអភិវឌ្ឍកម្ពុជា ដូចមានរំលេចក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)។

ដោយផ្អែកលើកត្តាអំណោយផល ដូចបានគូសបញ្ជាក់ពីខាងដើម លោកអគ្គលេខាធិការ បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគ ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ សម្រេចចិត្តវិនិយោគនៅកម្ពុជា ដើម្បីច្បាមយកផលចំណេញរួមគ្នា៕