(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ សកម្មភាពនៃការដឹកជញ្ជូនរបស់កម្ពុជា មានការធ្លាក់ចុះច្រើន ដោយសារតែការបញ្ជាទិញទំនិញ របស់ប្រជាពលរដ្ឋទូទាំងពិភពលោក មានការធ្លាក់ចុះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់ថា «ចំពោះសកម្មភាព ​នៃការដឹកជញ្ជូនយើងឃើញថា មានការធ្លាក់ចុះច្រើន, ការធ្លាក់ចុះនេះ គឺពិភពលោកទាំងមូល វាធ្លាក់បាត់នូវការបញ្ជាទិញ។

ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់ថា ចំណែកតម្លៃនៃការដឹកជញ្ជូនហាក់បីដូចជា មានការកើនឡើងបន្តិចវិញ ដោយសារកម្ពុជា នៅក្នុងភូមិសាស្ដ្រមានទំនិញចេញ-ចូល ទៅប្រទេសដែលជាមិត្ដនៃប្រទេសចិនជាច្រើន។

ឧកញ៉ា ស៊ិន ចន្ធី បានលើកឡើងថា ប្រទេសចិនជាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នាច្រើន តាំងពី RECP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, អាស៊ាន-ចិន។

លោកថា «មួយរយៈពេលខ្លីនេះ ឃើញថា ការនាំចេញពីប្រទេសចិន ក៏ដូចជាការនាំចូលនៅប្រទេសចិន គឺជាការធ្លាក់ចុះ បើប្រៀបធៀបទៅនឹងរយៈពេលកន្លងមក ដូច្នេះធ្វើឲ្យជើងកប៉ាល់មួយចំនួន មានការកាត់បន្ថយ។ កាលណាកាត់ជើងកប៉ាល់ នោះវានាំឲ្យមានការឡើងថ្លៃ ចំនួ​ន១០ភាគរយ ទៅ២០ភាគរយ ក្នុងការឡើងតម្លៃ នៃការដឹកជញ្ជូន»៕