(ភ្នំពេញ)៖ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅប្រទេសវៀតណាម មានបរិមាណជាង៧៧ម៉ឺនតោន ​លើសការនាំចេញពេញមួយ ឆ្នាំ២០២៣ ដោយទទួលបានថវិកាប្រមាណជាង ១ពាន់លានដុល្លារ បើទោះបីដំណាំស្វាយចន្ទី បានរងផលប៉ះពាល់ដោយសារអាកាសធាតុក្តៅខ្លាំងក្តី។​

លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News ​ថា ការនាំចេញស្វាយចន្ទីនៅដើមឆ្នាំនេះ បានកើនឡើងយ៉ាងគំហុក ខណៈពេញមួយឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ មាន​បរិមាណត្រឹមតែជាង ៦១ម៉ឺនតោនប៉ុណ្ណោះ​ ពោលគឺកើនឡើងជាង ១០ម៉ឺនតោន ឬស្មើប្រមាណជាង២៤%។ ចំណែកឯតម្លៃវិញក៏ខ្ពស់ជាងឆ្នាំមុនផងដែរ។

លោកបានប្រាប់បន្ថែមថា បន្ទាប់ពីរដូវប្រមូលផលស្វាយចន្ទី បានបញ្ចប់នៅដើមខែឧសភាមកទល់ពេលនេះ កម្ពុជាលែងមានគ្រាប់ស្វាយចន្ទីសើម ឬស្រស់ទៀតហើយ ដោយនៅសល់តែគ្រាប់ស្វាយចន្ទីស្ងួត ដែលកសិករបានហាលទុកតិចតួចប៉ុណ្ណោះ។ បច្ចុប្បន្ននេះ តម្លៃគ្រាប់ចន្ទីស្ងួតមានតម្លៃចន្លោះពី ៧៣០០រៀល ទៅ៧៥០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់មួយ។

លោកបន្តថា «ទាក់ទងនឹងតម្លៃបើយើងប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤ គឺមានតម្លៃខ្ពស់ជាងគ្នាឆ្ងាយ។ នៅឆ្នាំ២០២៤នេះ ​សម្រាប់ចន្ទី​ស្ងួតមានគុណភាពល្អ ដែលសាច់ចន្ទីមានរហូតដល់ ២៩% ឬ៣០% គឺតម្លៃឡើងរហូតដល់​ជាង ៨០០០រៀលក្នុងមួយគីឡូក្រាម»

ស្របពេលដែលការនាំចេញគ្រាប់ស្វាយចន្ទីឆៅកើនឡើងខ្លាំងបែបនេះ លោកក៏សង្ឃឹមដែរថា ការនាំចេញគ្រាប់កែច្នៃនឹងមានការកើនឡើងផងដែរ ដោយសារតែចំនួនរោងចក្រកែច្នៃនៅកម្ពុជា ​បានបន្តកើនឡើង ខណៈដែលទីផ្សារអន្តរជាតិ ដែលនាំចូលគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ក៏ទទួលស្គាល់នូវគុណភាពគ្រាប់ចន្ទីកម្ពុជា។

បើតាមលោក អាន តារា បច្ចុប្បន្ននេះ មិនទាន់មានតួលេខជាក់លាក់នៃទិន្នផលគ្រាប់ស្វាយចន្ទីសរុប នៅកម្ពុជានៅឡើយទេ ប៉ុន្តែប្រសិនបើឆ្នាំ២០២៤នេះ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទី លើសពី៧៥ម៉ឺនតោន នឹងធ្វើឱ្យកម្ពុជាឈរនៅលំដាប់លេខ ២ ក្នុងពិភពលោកដែលផលិតគ្រាប់ស្វាយចន្ទី បានច្រើនជាងគេ បន្ទាប់ពីប្រទេសកូតឌីវ័រ ដែលប្រទេសនេះផលិតបានជាង១លានតោនក្នុងមួយឆ្នាំ៕