(បាងកក)៖ នាយក រដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃពុធបានស្នើថវិកាចំនួន ៣,៧៥៣ពាន់ពាន់លានបាត (១០២ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ២០២៥ ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះឡើងវិញ ខណៈដែលសមាជិកសភាបានចាប់ផ្តើមជជែកដេញដោលរយៈពេលបីថ្ងៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក សេដ្ឋា បានប្រាប់សភាថា ថវិកានេះមានគោលបំណងជួយសេដ្ឋកិច្ចងើបឡើងវិញពេញលេញ។ លោកបានថ្លែងថា សេដ្ឋកិច្ចថៃត្រូវបានរំពឹងថានឹងកើនឡើងពី ២,៥% ទៅ ៣,៥% ក្នុងឆ្នាំ២០២៥ ស្របពេលដែលអតិផរណាត្រូវបានព្យាករ ថានឹងកើនឡើងពី ០,៧% ទៅ ១,៧%។

កាលពីដើមខែនេះ លោក សេដ្ឋា បានបង្ហាញទំនុកចិត្តថា សេដ្ឋកិច្ចនឹងកើនឡើងក្នុងត្រីមាសទីបួន បើទោះបីជានៅពេលនេះរដ្ឋាភិបាលកំពុងផ្តោតលើការរិះរកវិធីលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៣ ក៏ដោយ។

លោកបានមានប្រសាសន៍ថា៖ «ឥឡូវនេះ ថវិកាត្រូវបានអនុម័តហើយ ហើយយើងនឹងពិភាក្សាអំពីវិធីនានាដើម្បីធានាថាមានការចំណាយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»៕