(សិង្ហបុរី)៖ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល ISTANA នៃប្រទេសសិង្ហបុរី។

ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការគម្រោងថ្នាល(Financial Transparency Corridor-FTC) នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី សាធារណរដ្ឋសិង្ហបុរី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់សាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដើម្បីមានលទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូច និងមធ្យមនៅប្រទេសទាំងពីរក្នុងការវាយតម្លៃឥណទានឱ្យបានប្រសើរជាងមុន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា៖