(បាងកក)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃបានឱ្យដឹងនៅចុងសប្តាហ៍មុនថា អារ៉ាប៊ីសាអូឌីតបានផ្តល់ភ្លើងខៀវសម្រាប់ការនាំចូលគោ ចៀម និងពពែរស់ពីប្រទេសថៃ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Phumtham Wechayachai បានត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា ក្រសួងបរិស្ថាន ទឹក និងកសិកម្មរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានពាំនាំការយល់ព្រមនេះតាមរយៈក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតនិងថៃ។

លោកបានបន្តថា សត្វរស់ទាំងនោះអាចត្រូវបាននាំចូលពីប្រទេសថៃ ហើយបន្ទាប់មករក្សាទុកនិងសម្លាប់យកសាច់នៅប្រទេសអារ៉ាប៊ីសាអូឌីត។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ក្រុមហ៊ុនអ្នកនាំចូលនិងនាំចេញអាចស្នើសុំការអនុញ្ញាតសម្រាប់ពាណិជ្ជកម្មសត្វនេះនៅគេហទំព័រផ្តល់សេវាកម្ម Naama នៃក្រសួងបរិស្ថាន ទឹក និងកសិកម្មអារ៉ាប៊ីសាអ៊ូឌីត។

លោក Phumtham បាននិយាយថា មុននេះអាជ្ញាធរចំណីអាហារនិងឱសថអារ៉ាប៊ីសាអូឌីតបានអនុញ្ញាតឱ្យក្រុមហ៊ុននាំចេញសាច់មាន់របស់ថៃ នាំចេញសាច់មាន់ស្រស់ សាច់មាន់កែច្នៃ និងសាច់មាន់ចម្អិនរួចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់នៅទីនោះ។

កាលពីឆ្នាំមុន តម្លៃពាណិជ្ជកម្មរវាងប្រទេសថៃនិងអារ៉ាប៊ីសាអូឌីតមានចំនួន ៨,៧៩ពាន់លានដុល្លារអាមេរិក ក្នុងនោះមានការនាំចូលរបស់ប្រទេសថៃពីអារ៉ាប៊ីសាអូឌីតមានតម្លៃ ៦,១៣ពាន់លានដុល្លារ។

ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ តម្លៃពាណិជ្ជកម្មមានចំនួន ២,៥៩ពាន់លានដុល្លារ ធ្លាក់ចុះ ១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន រួមទាំងការនាំចូលរបស់ថៃពីអារ៉ាប៊ីសាអ៊ូឌីតតម្លៃ ១,៦៦ពាន់លានដុល្លារ ធ្លាក់ចុះ ២៨%។ ការនាំចេញរបស់ថៃទៅកាន់អារ៉ាប៊ីសាអូឌីតក្នុងអំឡុងដូចគ្នានេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩២៦លានដុល្លារ កើនឡើង១២%។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕