(ហាណូយ)៖ ក្រសួងហិរញ្ញវត្ថុវៀតណាមបានស្នើឱ្យដំឡើងពន្ធលើភេសជ្ជៈមានជាតិអាល់កុលដល់ ១០០ភាគរយនៅឆ្នាំ២០៣០ ជាវិធានការមួយដែលអាចប៉ះពាល់ដល់ឧស្សាហកម្មភេសជ្ជៈរបស់ប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ស្ថិតក្រោយសេចក្តីព្រាងសំណើដែលកំពុងរង់ចាំការអនុម័តពីសមាជិកសភានេះ ពន្ធប្រើប្រាស់ពិសេសលើស្រាបៀរនិងស្រាខ្លាំង នឹងត្រូវដំឡើងដល់ពី ៧០ទៅ៨០ភាគរយនៅឆ្នាំ២០២៦ ហើយនឹងកើនឡើងបន្តិចម្តងៗដល់ពី ៩០ទៅ១០០ភាគរយនៅឆ្នាំ២០៣០ ធៀបនឹងអត្រាបច្ចុប្បន្ន ៦៥ភាគរយ។

ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងនៅក្នុងសំណើនេះថា៖ «តម្លៃភេសជ្ជៈមានជាតិអាកុលនិងស្រាបៀរនឹងកើនឡើង ២០ភាគរយនៅឆ្នាំ២០២៦ ធៀបនឹងឆ្នាំ២០២៥»។ ក្រសួងបានបន្ថែមថា តម្លៃនឹងបន្តកើនឡើងពី ២ទៅ ៣ភាគរយអាស្រ័យលើអតិផរណា។

ក្រសួងបានបន្ថែមថា៖ «ការដកហូតពន្ធក្នុងអត្រាខ្ពស់មានភាពចាំបាច់ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុល»។

ឧស្សាហកម្មស្រាបៀររបស់ប្រទេសវៀតណាមបានរងផលប៉ះពាល់រួចហើយពីច្បាប់បើកបរដោយមានគ្រឿងស្រវឹងដ៏តឹងរឹងរបស់ប្រទេសនេះ ដែលដាក់កម្រិតជាតិអាល់កុលសម្រាប់អ្នកបើកបរឱ្យមានកម្រិតសូន្យចាប់តាំងពីឆ្នាំ២០១៩មក។

កាលពីឆ្នាំមុន ចំណូលពីឧស្សាហកម្មស្រាបៀរបានធ្លាក់ចុះ ១១ភាគរយ ហើយប្រាក់ចំណេញបានធ្លាក់ចុះ ២៣ភាគរយ នេះបើយោងតាមការប៉ាន់ប្រមាណរបស់សមាគមស្រាបៀរ អាល់កុល និងភេសជ្ជៈរបស់វៀតណាម។

ភាគហ៊ុននៅក្នុងក្រុមហ៊ុន Sabeco ដែលជាក្រុមហ៊ុនស្រាបៀរធំបំផុតរបស់វៀតណាមបានធ្លាក់ចុះ ៣,៩៦ភាគរយកាលពីព្រឹកថ្ងៃសុក្របន្ទាប់ពីមានសំណើរបស់ក្រសួងនេះ។ ក្រសួងហិរញ្ញវត្ថុក៏បានស្នើដំឡើងពន្ធប្រើប្រាស់ពិសេសលើភេសជ្ជៈមិនមានជាតិអាកុល និងបារីផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕