(កូឡុំបូ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងរដ្ឋាភិបាលរបស់ប្រទេសស្រីលង្កា បានឱ្យដឹងនៅថ្ងៃពុធថា មូលនិធិ IMF បានអនុម័តការពិនិត្យលើកទីពីរ (second review) នៃថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លាររបស់ប្រទេសស្រីលង្កា និងបានឱ្យដឹងថា ការអនុម័តនេះនឹងត្រួសត្រាយផ្លូវ សម្រាប់ការបញ្ចេញទឹកប្រាក់ប្រហែល ៣៣៧លានដុល្លារ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយមូលនិធិ IMF ថា ការអនុវត្តកំណែទម្រង់របស់ស្រីលង្កា ដែលរងគ្រោះដោយវិបត្តិស្ថិតក្រោមកម្មវិធីថវិកាសង្គ្រោះនេះមានភាពរឹងមាំ ហើយសញ្ញានៃការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកំពុងលេចឡើង។ ប៉ុន្តែស្ថាប័នផ្តល់ប្រាក់កម្ចីមួយនេះបាននិយាយថា សេដ្ឋកិច្ច «នៅតែងាយរងគ្រោះ ហើយផ្លូវទៅកាន់និរន្តរភាពបំណុល នៅតែមិនមានស្ថរិភាព»

ស្រីលង្កាដែលជួបវិបត្តិសាច់ប្រាក់បានធ្លាក់ ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាង ៧ទសវត្សរ៍បន្ទាប់ពីប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ២០២២។ បន្ទាប់ពីបរាជ័យសងបំណុលរបស់ខ្លួនកាលពីពីរឆ្នាំមុន ប្រទេសនេះបាននិងកំពុងតស៊ូងើបចេញពីវិបត្តិ។ សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះបានធ្លាក់ចុះ ២,៣ភាគរយកាលពីឆ្នាំមុន។

ជាផ្នែកមួយនៃកម្មវិធីថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារជាមួយមូលនិធិ IMF ស្រីលង្កាបានយល់ព្រមធ្វើកំណែទម្រង់ក្រុមហ៊ុនរដ្ឋរបស់ខ្លួន ដើម្បីធ្វើឱ្យក្រុមហ៊ុនទាំងនេះទទួលបានប្រាក់ចំណេញ។

យោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសស្រីលង្កា លោក Ali Sabry បាននិយាយថា ការអនុម័តរបស់មូលនិធិ IMF គឺជា «សក្ខីកម្មនៃការយកចិត្តទុកដាក់របស់យើង ក្នុងការជំរុញឱ្យមានកំណែទម្រង់សេដ្ឋកិច្ចឆ្ពោះទៅមុខ និងការធានានូវអនាគតដ៏រុងរឿងសម្រាប់ប្រជាជនស្រីលង្កាទាំងអស់»