(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅថ្ងៃពុធថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយជម្លោះ ប្រដាប់អាវុធនឹងមានប្រហែល ១ភាគរយសម្រាប់ឆ្នាំសារពើពន្ធ ២០២៤-២០២៥ ដោយសារការកើនឡើងអំពើហិង្សា កង្វះកម្លាំងពលកម្ម និងការធ្លាក់ចុះថ្លៃរូបិយប័ណ្ណកាន់តែបង្កការលំបាក ក្នុងការធ្វើអាជីវកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាលពីខែធ្នូ ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងកើនឡើងប្រហែល ២ភាគរយក្នុងអំឡុងពេលដូចគ្នានេះ បន្ទាប់ពីបានប៉ាន់ប្រមាណថានឹងមានកំណើនផលិតផលក្នុងស្រុក សរុបចំនួន ១ភាគរយក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២៤។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ របាយការណ៍មួយដែលចេញផ្សាយ ដោយធនាគារពិភពលោកថា៖ «ការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច ដែលបានព្យាករសម្រាប់ឆ្នាំសារពើពន្ធ២០២៤/២០២៥ គឺភាគច្រើនដោយសារតែអតិផរណាខ្ពស់ជាប់លាប់ និងកង្វះកម្លាំងពលកម្ម ការពិបាកក្នុងការប្តូររូបិយប័ណ្ណបរទេស និងកង្វះអគ្គិសនី ដែលទាំងអស់នេះទំនងជាមានផលប៉ះពាល់លើសកម្មភាពខ្លាំង ជាងការរំពឹងទុកពីមុន»

ប្រទេសអាស៊ីអាគ្នេយ៍ដែលមានប្រជាជនប្រហែល ៥៥លាននាក់មួយនេះស្ថិតក្នុងភាពចលាចលផ្នែកនយោបាយ និងសេដ្ឋកិច្ចចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០២១ នៅពេលដែលយោធាបានបណ្តេញរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោត។ ប្រឈមមុខនឹងការតស៊ូប្រដាប់អាវុធកាន់តែទូលំទូលាយប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន របបយោធាមីយ៉ាន់ម៉ាកាលពីដើមឆ្នាំនេះ បានប្រកាសពីផែនការយោធា ដើម្បីបំពេញបន្ថែមកម្លាំងទាហានដែលបាត់បង់របស់ខ្លួន។

ធនាគារពិភពលោកបានឱ្យដឹងថា៖ «សេចក្តីប្រកាសស្តីពីកាតព្វកិច្ចយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើឱ្យមានការធ្វើចំណាកស្រុកទៅកាន់តំបន់ជនបទ និងក្រៅប្រទេសកាន់តែខ្លាំង ដែលនាំឱ្យមានការកើនឡើង សេចក្តីរាយការណ៍អំពីកង្វះកម្លាំងពលកម្ម នៅក្នុងឧស្សាហកម្មមួយចំនួន»

របបយោធាក៏បានបាត់បង់សិទ្ធិ ចូលទៅកាន់ព្រំដែនដីគោកសំខាន់ៗមួយចំនួនជាមួយប្រទេសចិន និងថៃផងដែរ ដែលនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការធ្វើពាណិជ្ជកម្មដីគោគ។

ធនាគារពិភពលោកបានឱ្យដឹងថា៖ «ដោយមិនរាប់បញ្ចូលឧស្ម័នធម្មជាតិ ការនាំចេញតាមព្រំដែនគោកបានធ្លាក់ចុះ ៤៤ភាគរយ។ ការនាំចូលតាមព្រំដែនគោកបានធ្លាក់ចុះ ពាក់កណ្ដាលដែលស្មើនឹង ៧១ភាគរយនៃការធ្លាក់ចុះនៃការនាំចូលសរុប»។ ធនាគារពិភពលោកបានបន្តថា ជារួម ការនាំចេញទំនិញបានធ្លាក់ចុះ ១៣ភាគរយ ហើយការនាំចូលធ្លាក់ចុះ ២០ភាគរយក្នុងរយៈពេលប្រាំមួយខែដល់ខែមីនា ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕