(សិង្ហបុរី)៖ តម្រូវការមាសនៅតំបន់អាស៊ីកំពុងកើនឡើង បើទោះបីជាតម្លៃបានឡើងជិតដល់កម្រិតខ្ពស់បំផុត កាលពីខែឧសភាក៏ដោយ ខណៈដែលអ្នកទិញប្រើប្រាស់លោហៈមានតម្លៃនេះ ដើម្បីការពារប្រឆាំងនឹងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមអ្នកវិភាគបានឱ្យដឹងថា ទំនុកចិត្តកាន់តែទាបនៅក្នុងជម្រើសវិនិយោគផ្សេងទៀត ដូចជាអចលនទ្រព្យនិងភាគហ៊ុន ក៏ជាកត្តានៅពីក្រោយនៃការកើនឡើង តម្រូវការមាសផងដែរ។

លោក Ruth Crowell នាយកប្រតិបត្តិនៃសមាគមទីផ្សារមូលបត្រទីក្រុងឡុងដ៍ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «នៅពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច វិលត្រលប់មកធម្មតាវិញ នៅពេលដែលអចលនទ្រព្យ និងភាគហ៊ុនទទួលពានការចាប់អារម្មណ៍ជាងនេះ ខ្ញុំគិតថា ភាពប្រែប្រួលនៃតម្លៃនឹងវិលត្រលប់មកវិញ»

តម្លៃមាសសម្រាប់ជួញដូរភ្លាមៗ ត្រូវបានជួញដូរកាលពីថ្ងៃព្រហស្បតិ៍ក្នុងតម្លៃប្រហែល ២ ៣១០ដុល្លារក្នុងមួយអោន (៨,៣ជី) កើនឡើងប្រហែល ១២% សម្រាប់ឆ្នាំនេះគិតមកដល់ពេលបច្ចុប្បន្ន និងស្ថិតក្រោមតម្លៃខ្ពស់បំផុត ២ ៤៥០,០៥ដុល្លារដែលបានកើនឡើងកាលពីខែមុនត្រឹមតែ ៦% ប៉ុណ្ណោះ។

យោងតាមសមាគមពាណិជ្ជករមាសរបស់ប្រទេសថៃ តម្លៃលក់សម្រាប់មាសរបស់ថៃនៅរសៀលថ្ងៃព្រហស្បតិ៍ថ្លៃ ៤០,២០០បាតក្នុងទម្ងន់មួយបាតមាស (១បាតមាសស្មើ ១៥,២ ក្រាម) ។

នៅក្នុងប្រទេសជប៉ុន មាសឡើងថ្លៃជាងធ្លាក់ថ្លៃ បើទោះបីជាតម្លៃខ្ពស់មិនធ្លាប់មានក៏ដោយ នេះបើយោងតាមលោក Bruce Ikemizu ប្រធានសមាគមទីផ្សារដុំមាសរបស់ជប៉ុន។

ក្រុមអ្នកជំនាញបានឱ្យដឹងថា វិនិយោគិនចិនដែលកំពុងប្រឈមនឹងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ ការធ្លាក់ចុះថ្លៃអចលនទ្រព្យដែលអូសបន្លាយពេល និងភាពតានតឹងពាណិជ្ជកម្ម ក៏កំពុងស្វែងរកទិញមាសទុកផងដែរ។ ការទិញកាសមាស និងដុំមាសនៅប្រទេសចិនបានកើនឡើង ២៧% ក្នុងត្រីមាសទីមួយឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Albert Cheng នាយកប្រតិបត្តិសមាគមទីផ្សារមាសរបស់សិង្ហបុរី បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅក្រៅសន្និសីទលោហៈមានតម្លៃ អាស៊ីប៉ាស៊ីហ្វិកថា៖ «និន្នាការក្នុងទីផ្សារគឺថា ប្រសិនបើអតិថិជនចង់ទិញមាស ពួកគេនឹងទិញ។ តម្លៃមិនមែនជាបញ្ហាទេ»

នៅវៀតណាម អ្នកទិញកំពុងសម្រុកទិញមាសទុក បើទោះបីជាតម្លៃក្នុងស្រុកមានការជួញដូរក្នុងតម្លៃខ្ពស់ធៀបទៅនឹងតម្លៃពិភពលោកក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕