(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានជំរុញឱ្យមានការរៀបចំតំបន់ទេសចរណ៍ បែបសាសនាឱ្យបានកាន់តែច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា។
លោកស្រីលើកឡើងបែបនេះ ធ្វើឡើងនៅកិច្ចពិភាក្សាកម្មវិធី Fresh Business លើប្រធានបទ៖ «យន្តការទាក់ទាញភ្ញៀវទេសចរ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា»។
លោកស្រីកត់សម្គាល់ថា នៅភ្នំគូលែន គឺជាទីកន្លែងល្អ ក្នុងការរៀបចំតំបន់ទេសចរណ៍បែបសាសនា ព្រោះតំបន់នេះមានផ្ទៃដីធំ ហេតុនេះគួរតែរៀបចំតំបន់នេះ ឱ្យទៅជាកន្លែងមួយសម្រាប់ក្រុមទេសចរណ៍អាចធ្វើពិធីសាសនាបាន។ ក្រៅពីភ្នំគូលែន ក៏ត្រូវមានកន្លែងផ្សេងទៀត ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ ឥណ្ឌាបានកាន់តែច្រើន។
លោកស្រីបន្តថា តាមរយៈការរៀបចំតំបន់ទេសចរណ៍បែបសាសនានេះ មិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរឥណ្ឌានោះទេ ក៏អាចទាក់ទាញភ្ញៀវទេសចរផ្សេងទៀតបានផងដែរ។
លោកស្រីបានលើកឡើងថា ទេសចរឥណ្ឌា ជាទូទៅចូលចិត្តដើរកម្សាន្តជាក្រុម និងចូលចិត្តរៀបការបែបទ្រង់ទ្រាយធំ នៅក្រៅប្រទេស ព្រមទាំងធ្វើពិធីសាសនាផ្សេងៗ៕
សូមទស្សនាការលើកឡើងបន្ថែមរបស់ លោកស្រី ឆាយ ស៊ីវលីន៖