Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានឹងទទួលបានភ្ញៀវទេសចរឥណ្ឌាលំដាប់ខ្ពស់ ហ៊ានចាយវាយមិនចាញ់ភ្ញៀវទេសចរចិន និងអឺរ៉ុប បន្ទាប់ពីមានការហោះហើរត្រង់ (Video inside)

14-06-2024 10:59

(ភ្នំពេញ)៖ ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងចាប់ផ្ដើមបើកដំណើរការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុករបស់កម្ពុជា គឺ Cambodia Angkor Air។

បន្ទាប់ពីមានការហោះហើរត្រង់នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរឥណ្ឌាលំដាប់ខ្ពស់ៗ ដោយមានការចាយវាយ មិនចាញ់ភ្ញៀវទេសចរចិន និងអឺរ៉ុបនោះទេ។ នេះបើតាមការលើកឡើង របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ឆាយ ស៊ីវលីន អញ្ជើញចូលរួមកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «យន្តការទាក់ទាញភ្ញៀវទេសចរ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា» ក្នុងកម្មវិធី Fresh Business។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា «សម្រាប់ភ្ញៀវទេសចរឥណ្ឌា នៅពេលដែលមានការហោះហើរត្រង់ យើងនឹងទទួលបានភ្ញៀវដែលមកលំដាប់ខ្ពស់ ហើយភ្ញៀវហ៊ានចាយ មិនចាញ់ភ្ញៀវទេសចរចិន ឬក៏ភ្ញៀវទេសចរអ៉ឺរ៉ុបនោះទេ ព្រោះពួកគាត់ចូលចិត្ដទិញអ៉ីវ៉ាន់»

ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវលីន បានបកស្រាយជុំវិញមតិរបស់សាធារណជន ដែលតែងតែលើកឡើងថា ភ្ញៀវទេសចរឥណ្ឌា មិនសូវហ៊ានចាយលុយច្រើនោះទេ។

លោកស្រីបានបញ្ជាក់ថា ជាការពិតបច្ចុប្បន្នភ្ញៀវទេសចរឥណ្ឌា ដែលកំពុងមានវត្តមាននៅកម្ពុជា ជាភ្ញៀវធម្មតាមិនមែនជាភ្ញៀវ ដែលមានលទ្ធភាពច្រើន ដូច្នេះការចំណាយក៏មិនសូវច្រើននោះដែរ ប៉ុន្ដែបន្ទាប់ពីកម្ពុជាដំណើរការជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា នោះនឹងមានភ្ញៀវទេសចរឥណ្ឌា ដែលមានលទ្ធភាពច្រើននឹងចូលមកកម្ពុជា ដូច្នេះការចំណាយនឹងទទួលបានច្រើនតាមនេះ។

លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា ជាការពិតសាធារណជនមិនខុសនោះឡើយ ការលើកឡើងបែបនេះ ក៏លើកឡើងក្រោមហេតុផល និងការមើលឃើញដោយផ្ទាល់ គឺបែបនេះពិតមែន ជាក់ស្ដែងបើនិយាយពីការស្នាក់នៅសណ្ឋាគារវិញ ភ្ញៀវទេសចរឥណ្ឌាតែងតែជ្រើសរើស បន្ទប់មួយសម្រាកគ្នាច្រើន ដោយមិនចំណាយច្រើនបន្ទប់នោះឡើយ។

លោកស្រីបានបន្ដថា ដោយសារពីមុនៗការហោះហើរត្រង់របស់កម្ពុជាពុំមាន ដូច្នេះភ្ញៀវទេសចរឥណ្ឌា ដែលមានលទ្ធភាពច្រើន គឺមិនសូវមកនោះទេ ដោយសារតែពួកគាត់មិនចង់ឈប់ច្រើនកន្លែងនោះទេ ណាមួយទៀតដោយសារយើងធ្លាប់បានទទួល ការបង្ហោះមិនល្អតាមបណ្ដាញសង្គម ដែលនេះជាការចែករំលែករឿងមិនល្អ ដល់ភ្ញៀវទេសចរដទៃទៀត ពិសេសដល់ភ្ញៀវទេសចរលំដាប់ខ្ពស់ ដែលធ្វើឲ្យភ្ញៀវទេសចរទាំងនោះ ខ្លាចក្រែងរអើលមិនហ៊ានចូលមកកម្ពុជា។

លោកស្រីបានបន្ថែមថា «នៅពេលកម្ពុជាមានជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា នឹងទាក់ទាញភ្ញៀវទេសចរ ដែលមិនហ៊ានមកសាកល្បងមកលេងកំសាន្ដនៅកម្ពុជា។

លោកស្រីបញ្ជាក់ថា និយាយចំពោះការចំណាយរបស់ភ្ញៀវទេសចរឥណ្ឌាវិញ ភ្ញៀវធម្មតាក្នុងម្នាក់អាចចាយចន្លោះ១ពាន់ដុល្លារចុះក្រោម ភ្ញៀវមានលទ្ធភាពប្រសើរជាងនេះ អាចចំណាយខ្ទង់៥០០ដុល្លារ សម្រាប់ការស្នាក់នៅមួយយប់។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា បូករួមជាមួយការផ្សព្វផ្សាយ រួមនឹងមានការហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ដូច្នេះកម្ពុជាត្រូវតែររៀបចំជាបណ្ដើរ និងរៀបចំឲ្យបានល្អប្រសើរ ដើម្បីត្រៀមទទួលភ្ញៀវទេសចរឥណ្ឌា៕