(ភ្នំពេញ)៖ អ្នកជំនួញនៅក្នុងវិស័យកាត់ដេរ បានលើកឡើងថា ស្ថានភាពវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅឆ្នាំ២០២៤នេះ បានបង្ហាញពីសន្ទុះល្អប្រសើរឡើងវិញ ដោយការនាំចេញសម្រេចបានជាង ៥ពាន់លានដុល្លារកើនឡើងប្រមាណជាង២០% បន្ទាប់ការនាំចេញបានធ្លាក់ចុះកាលពីឆ្នាំ២០២៣ ដោយសារវិបត្តិសាកល។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ទាំងការផលិត ការនាំចេញ និងការបញ្ជាទិញផលិតកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅឆ្នាំ២០២៤នេះ មានកំណើនល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយការនាំចេញស្បែកជើង និងផលិតផលធ្វើដំណើរនៅរយៈពេល ៥ខែឆ្នាំ២០២៤ បានកើនឡើង២៥.៣៣% ប្រៀបធៀបនឹងឆ្នាំ២០២៣ ស្របពេលការនាំចេញសម្លៀកបំពាក់កើនឡើងប្រមាណ ២៣%។
លោកបានឱ្យដឹងថា «ពីខែមករា ដល់ឧសភា ឆ្នាំ២០២៤នេះ ស្បែកជើងត្រូវបាននាំចេញក្នុងតម្លៃជាង ៦១៥លានដុល្លារ កើនឡើង១០%, ផលិតផលធ្វើដំណើរ មានតម្លៃជាង ៨៧២លានដុល្លារ កើនឡើង ២០% និងផលិតផលសម្លៀកបំពាក់មានតម្លៃជាង ៣.៥ពាន់លានដុល្លារ កើនឡើង ២៣%»។
លោកបានគូសបញ្ជាក់ថា កំណើនល្អប្រសើរនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅឆ្នាំ២០២៤នេះ ដោយសារប្រទេសកម្ពុជា មានស្ថេរភាពនយោបាយ និងមានសន្តិភាពពេញលេញ។ ហើយសំខាន់បំផុត គឺមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលមានការដឹកនាំល្អមានទំនុកចិត្ត ដល់អ្នកវិនិយោគ និងអ្នកដាក់បញ្ជាទិញ។
លោកបន្ថែមថា «ចំពោះការបញ្ជាទិញមានការកើនឡើងល្អណាស់នៅឆ្នាំ ២០២៤។ បណ្ដារោងចក្រសប្បាយចិត្តរីករាយ។ ដោយមានការបញ្ជាទិញច្រើនប្រៀបធៀបឆ្នាំ ២០២៣»។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ដែរថា អ្វីដែលជំរុញឱ្យវិស័យកាត់ដេរនៅកម្ពុជា មានភាពល្អប្រសើរនេះ ដោយសារអាណត្តិថ្មីនេះ កម្ពុជាទទួលបានការមកបណ្តាក់ទុនវិនិយោគពីរោងចក្រជាច្រើន ស្របពេលដែលកម្ពុជាមានប្រព័ន្ធអនុគ្រោះពន្ធ EBA ក្នុងការនាំចេញទៅសហគមន៍អឺរ៉ុប។
ទន្ទឹមគ្នានេះ ក្នុងពេលដែលប្រទេសមួយចំនួន នៅក្នុងតំបន់ជួបវិបត្តិនយោបាយ និងសេដ្ឋកិច្ច ដែលជំរុញឱ្យបណ្តារោងចក្រមួយចំនួនពីប្រទេសទាំងនោះ មកកាន់កម្ពុជា ដើម្បីផលិត និងនាំចេញ។
លោកថា «កត្តាទីផ្សារគឺសំខាន់ណាស់ ហើយទីផ្សារសំខាន់ គឺសហគមន៍អឺរ៉ុប ហើយខ្ញុំជឿថាកំណើននៃការវិនិយោគនៅតែកើនឡើង យើងឃើញថា ការដំឡើងពន្ធដាក់គ្នា រវាងអាមេរិកក៏ដូចជាអ៊ឺរ៉ុបជាមួយចិន ដូច្នេះនឹងធ្វើឱ្យការវិនិយោគពីបណ្តាក្រុមហ៊ុនមួយចំនួនមកពីចិន ក៏មកប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប និងអាមេរិកផងដែរ ក្នុងភាពអនុគ្រោះពន្ធ ដែលប្រទេសយើងទទួលបាន»៕