(ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១៦៥លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ កើនជិត១៣%។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែឧសភា​ ឆ្នាំ២០២៤ មានចំនួន១៦៤ ៤៩០ ៦០០ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន១ ០៤៩ ៥០៩ដុល្លារ»

បើតាមរបាយការណ៍, គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៤៨៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន៦៩ដុល្លារ ក្នុង១តោន ស្មើនឹង៤.៨៩% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែឧសភា ឆ្នាំ២០២៤ មានតម្លៃ២៩៤ដុល្លារ ក្នុងមួយម៉ែត្រគីប។

លោក ឃុន កក្កដា អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានកៅស៊ូ ធ្លាប់បាន​ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ស្ថានភាពកៅស៊ូកម្ពុជា បើនិយាយអំពីតម្លៃគឺល្អ ហើយការប្រមូលផល ចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមចូលជៀរជ័រកៅស៊ូឡើងវិញហើយ។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។

ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕