(ភ្នំពេញ)៖ លោក ងិន​ ឆាយ​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលជាអគ្គនាយកអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងពេលឆាប់ៗខាងនេះផ្សារបោះដុំ​ផលិតផលរបស់ខ្មែរ នឹងលេចរូបរាងឡើងនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលជាការសហការរវាងក្រុមហ៊ុនផ្សារអាណាចក្រ​ និងផ្សារ​ KC​ ។

ផ្សារបោះដុំនេះជួយឲ្យមានការគាំទ្រដល់ផលិតផលខ្មែរ​ និងជួយដល់កសិករមានទីផ្សារ​កាន់តែទូលំទូលាយ។

ការលើកឡើងរបស់លោក ងិន ឆាយ ធ្វើឡើងក្នុងកម្ម វិធីសិក្ខាសាលាស្តីពី​ ផែនការបើកផ្សារបោះដុំ ដើម្បីជំរុញការលក់ផលិតផលក្នុងស្រុក និងជំរុញទិសដៅទីផ្សារ​ រៀបចំឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

លោក ងិន​ ឆាយ​ បានថ្លែងឲ្យដឹងថា «ការបង្កើតឲ្យមានផ្សារបោះដុំ​ ផលិតផលខ្មែរ​នាពេលនេះ នឹងជំរុញឲ្យមានការគាំទ្រ ដល់ផលិតផលខ្មែរ ព្រមទាំងជួយជំរុញដល់កសិករ​ មានទីផ្សារ​កាន់តែទូលាយ​ ខណៈអគ្គនាយកដ្ឋានកសិកម្ម​ បានកំពុងជំរុញ​ឲ្យផ្សារសហការជាមួយសហគមន៍កសិកម្ម​ ដើម្បីឲ្យមានទីផ្សារមានចរន្តមួយស្របតាមតម្រូវការ​ ប្រកបដោយស្តង់ដារ​បច្ចេកទេស​ មានគុណភាព​ អាចបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ​ និងផ្គត់ផ្គង់ទីផ្សារបានដោយមានប្រសិទ្ធភាព»

លោកបានបន្ដថា ដើម្បីឲ្យដំណើរការនៃផ្សារបោះដុំនេះ​ទទួលបានជោគជ័យ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្ដេជ្ញាចិត្តជួយគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឲ្យបានច្រើន និងសូមបន្ដជួយគាំទ្រកាន់តែច្រើនប​ន្ថែមទៀត៕