(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានកើនឡើងកាលពីថ្ងៃចន្ទដោយសារការសង្ឃឹមថានឹងមានការកើនឡើងតម្រូវការប្រេងឥន្ធនៈក្នុងរដូវក្តៅខាងមុខដែលចាប់ផ្តើមពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២២ ខែកញ្ញា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អ្នកវិភាគមកពីក្រុមហ៊ុន Goldman Sachs រំពឹងថា ប្រេងឆៅប្រភេទ Brent នឹងកើនឡើងដល់ ៨៦ដុល្លារក្នុងមួយបារ៉ែលក្នុងត្រីមាសទី៣ ដោយបានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា តម្រូវការប្រេងច្រើននៅរដូវក្តៅនឹងជំរុញទីផ្សារប្រេងឱ្យធ្លាក់ចូលទៅក្នុងឱនភាពនៅត្រីមាសទីបីចំនួន ១,៣លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានកើនឡើង ១៦សេន ឬ ០,២ភាគរយដល់ ៧៩,៧៨ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងប្រហែល ៥ល្ងាចម៉ោងនៅកម្ពុជា។ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកនៅក្នុងកិច្ចសន្យាអនាគតបានកើនឡើង ៦សេនដល់ ៧៥,៦៩ដុល្លារក្នុងមួយបារ៉ែល។

ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន UBS បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា៖ «យើងជឿថា ស្ថានភាពទីផ្សារបច្ចុប្បន្នមានទុទិដ្ឋិនិយមជ្រុល ដោយសារថា យើងរំពឹងថានឹងមានការថយចុះបរិមាណប្រេងកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ»

កាលពីសប្តាហ៍មុន ប្រេងឆៅបានធ្លាក់ចុះថ្លៃប្រចាំសប្តាហ៍ទីបីជាប់ៗគ្នា ដោយសារមានការបារម្ភថា ផែនការបន្ធូរបន្ថយការកាត់បន្ថយផលិតកម្មមួយចំនួនដោយអង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់អង្គការនេះដែលរួមគ្នាហៅថា OPEC+ ចាប់ពីខែតុលាទៅនឹងធ្វើឱ្យការផ្គត់ផ្គង់កើនឡើង៕