(ម៉ានីល)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃចន្ទថា សេដ្ឋកិច្ចហ្វីលីពីនទំនងជានឹងកើនឡើង ៦ ភាគរយនៅឆ្នាំនេះពោលគឺតិចជាងការព្យាករនៅក្នុងខែមេសា ប៉ុន្តែល្បឿនកំណើនសេដ្ឋកិច្ចនឹងកើនឡើងលឿនជាងឆ្នាំមុនដោយសារតម្រូវការក្នុងស្រុកស្ទុះងើបឡើងវិញ។ នេះបើយោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការប៉ាន់ប្រមាណចុងក្រោយរបស់មូលនិធិ IMF ធ្លាក់ចុះពីការព្យាករកាលពីខែមេសារបស់ខ្លួនដែលមានចំនួន ៦,២ភាគរយ ប៉ុន្តែខ្ពស់ជាងកំណើន ៥,៥ភាគរយក្នុងឆ្នាំ២០២៣។ តួលេខនេះស្មើនឹងកម្រិតទាបបំផុតនៃគោលដៅពិ ៦ ទៅ ៧ភាគរយរបស់រដ្ឋាភិបាលហ្វីលីពីនសម្រាប់ឆ្នាំ២០២៤។

ទោះជាយ៉ាងណា មូលនិធិ IMF បានរក្សាការព្យាករអំពីកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៥ របស់ខ្លួនដែលមានអត្រា ៦,២ភាគរយសម្រាប់ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ មូលនិធិ IMF បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងស្ទុះងើបឡើងវិញ ... ដោយសារតម្រូវការប្រើប្រាស់កាន់តែខ្លាំង ការវិនិយោគសាធារណៈនិងឯកជនកាន់តែខ្ពស់ និងការស្ទុះងើបឡើងវិញនៃការនាំចេញ»

មូលនិធិ IMF បានឱ្យដឹងទៀតថា ចក្ខុវិស័យនេះមិនមែនថាគ្មានហានិភ័យធ្លាក់ចុះនោះទេ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បញ្ហាទាក់ទងនឹងអាកាសធាតុ និងការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់៕