(សៀមរាប)៖ ថ្លែងក្នុងកម្មវិធីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម នៃមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្ត និងស្នើឲ្យអ្នកវិនិយោគទាំងអស់ ចូលរួមស្វែងយល់ពីសក្តានុពលដ៏ធំ ដែលកម្ពុជាផ្តល់ជូនធុរជន។

កម្មវិធី វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម នៃមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិ ប្រចាំឆ្នាំ២០២៤នេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា អង្គរសៀមរាប ខេត្តសៀមរាប ដែលមានវត្តមានចូលរួមរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ សហគ្រិន និងវិនិយោគិនក្នុងស្រុក និងបរទេសជាច្រើនរូប។

លោកស្រី ចម និម្មល បានលើកឡើងអំពីបរិយាកាសធុរកិច្ចដ៏រស់រវើក និងពោរពេញដោយសក្តានុពល ដែលក្នុងរយៈពេលពីរទស្សវត្សរ៍មកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ។ ជោគជ័យនេះត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃស្ថិរភាពនយោបាយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចល្អ និងរដ្ឋាភិបាលសកម្មដែលយល់ពីតម្លៃនៃវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន។

ថ្លែងក្នុងសុន្ទរកថា លោកស្រី ចម និម្មល បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានកំពុងធ្វើការយ៉ាងសកម្ម ក្នុងការអភិវឌ្ឍក្របខណ្ឌច្បាប់និងបញ្ញតិ្តក្នុងស្រុក ដើម្បីជួយសម្រួលការដំណើរការអាជីវកម្មនៅកម្ពុជាឱ្យមានភាពប្រគួត ប្រជែង និងធានាពង្រឹងដល់បរិយា កាសធុរកិច្ចឱ្យកាន់តែប្រសើរជាងមុន។

លោកស្រី ចម និម្មល បានថ្លែងថា បរិវត្តកម្មឌីជីថល គឺជា ចំណុចស្នូល នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ អាស្រ័យហេតុនេះ ប្រទេសកម្ពុជាទទួលស្គាល់ថា ការទទួលយកបច្ចេកវិទ្យាឌីជីថលគឺមានសារៈសំខាន់សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងការប្រកួតប្រជែង។

លោកស្រីបានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនដូចជា៖ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CAMdx), verify.gov.kh, ប្រព័ន្ធបញ្ជរតែមួយជាតិ, CambodiaTrade.com, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ និងប្រព័ន្ធទូទាត់ឌីជីថល (បាគង)។

លោកស្រី ចម និម្មល បានលើកទឹកចិត្ត និងស្នើឲ្យអ្នកវិនិយោគទាំងអស់ចូលរួមស្វែងយល់ពីសក្តានុពលដ៏ធំដែលកម្ពុជាផ្តល់ជូនធុរជន។ «តើត្រូវវិនិយោគលើសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់យើង ទាញយកអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់យើង ឬបង្កើនភាពជឿនលឿនផ្នែកឌីជីថលរបស់យើង កម្ពុជាស្វាគមន៍ដោយកក់ក្តៅ»៕