(ភ្នំពេញ)៖ លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា ដើម្បីសម្រេចបានគោលនយោយ គោលដៅរបស់រាជរដ្ឋាភិបាលជាតិ ស្ដីពីស្វាយចន្ទី យ៉ាងហោចយើងត្រូវការថវិកា២៦០លានដុល្លារ ក្នុងជំរុញកែច្នៃគ្រាប់ស្វាយចន្ទី ឲ្យបាន២៥% នៅឆ្នាំ២០២៧។

ការលើកឡើងរបស់លោក អាន តារា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យស្វាយចន្ទី ដើម្បីជំរុញកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី»

លោក អាន តារា បានថ្លែងឲ្យដឹងថា កម្ពុជាបានផលិតបានស្វាយចន្ទីស្រស់ ជាច្រើនលើសលប់ ដែលជាហេតុនាំឲ្យកម្ពុជា មិនអាចចៀសផុតពី ការពឹងលើប្រទេសជិតខាង ដើម្បីប្រើប្រាស់ចន្ទីមួយចំនួន ដោយសារតែកម្ពុជា​មានការកែច្នៃទាប។

លោកបានបន្ដថា «រដ្ឋាភិបាលកម្ពុជា កាលអំឡុងឆ្នាំទៅមិញនេះ បានចេញគោលនយោយជាតិ ស្ដីពីស្វាយចន្ទី ដោយរដ្ឋាភិបាលបានគោលដៅ ឲ្យមានការកែច្នៃស្វាយចន្ទី ឲ្យបាន២៥ភាគរយ ក្នុងឆ្នាំ២០២៧ និងសម្រេចបាន៥០ភាគរយ នៅក្នុងឆ្នាំ២០៣២។ ក្នុងនោះ សហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រឹងប្រែង ធ្វើកិច្ចការងារយ៉ាងស្អិតរមួល ជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាជំរុញចន្ទីរបស់កម្ពុជា ឲ្យគេទទួលស្គាល់ជាចន្ទី ដែលមានគុណភាពល្អ»

លោកបានបន្ថែមថា ពីមុនអ្នកកែច្នៃស្វាយចន្ទី មានមិនដល់១០ក្រុមហ៊ុនផង តែរហូតមកដល់ពេលនេះ មានរហូតដល់៤២ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុន៣-៤ក្រុមហ៊ុន មានអ្នកវិនិយោទុនបរទេស ដែលចង់កែច្នៃស្វាយចន្ទីនៅប្រទេសកម្ពុជា។

លោកបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅកែច្នៃស្វាយចន្ទី ឲ្យបាន២៥ភាគរយក្នុងឆ្នាំ២០២៧ មិនមែនជាការលំបាកទេ ប្រសិនបើមានការចូលរួមពីវិស័យឯកជន រដ្ឋ និងដៃគូអភិវឌ្ឍន៍ផ្សេងៗ ប្រឹងប្រែងជួយឲ្យថ្លៃដើមមានតម្លៃទាប ដូច្នេះដើម្បីទទួលបានការកែច្នៃរហូតដល់២៥ភាគរយ ក្នុងឆ្នាំ២០២៧នេះ យើងត្រូវប្រើប្រាស់យុទ្ធសាស្រ្ដយ៉ាងណាត្រូវការថវិកា ទិញចន្ទីមកកែច្នៃ ប្រមាណជា២៦០លានដុល្លារ៕