(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida កាលពីថ្ងៃអង្គារបានណែនាំមន្ត្រីក្រោមឱវាទរបស់លោកឱ្យចងក្រងផែនការសេដ្ឋកិច្ចនិងសារពើពន្ធរយៈពេលវែង ក្រោយពីបានឆ្លងកាត់រយៈពេលធ្លាក់ថ្លៃទំនិញជិតពីរទសវត្សរ៍ និងការជាប់គាំងសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Kishida បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងនៅឯក្រុមប្រឹក្សាគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធ (CEFP) ថា៖ «ប្រទេសជប៉ុនឥឡូវនេះកំពុងប្រឈមនឹងឱកាសដ៏អស្ចារ្យដើម្បីចាកចេញពីសេដ្ឋកិច្ចដែលផ្តោតលើការកាត់បន្ថយការចំណាយ ហើយឈានចូលដំណាក់កាលថ្មីមួយ»។

លោក Kishida បានថ្លែងដោយមិនបង្ហាញសេចក្តីលម្អិតណាមួយថា ផែនការថ្មីដែលមានរយៈពេលប្រាំមួយឆ្នាំគិតចាប់ពីខែមេសា ឆ្នាំ២០២៥ តទៅនេះ នឹងលើកកម្ពស់ផលិតភាពនិងការវិនិយោគ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចពិតប្រចាំឆ្នាំជាង ១ភាគរយ ខណៈពេលដែលកសាងសុខភាពសារពើពន្ធឡើងវិញ។

ទីភ្នាកងារព័ត៌មានរ៉យទ័របានរាយការណ៍អំពីផែនការនេះកាលពីសប្តាហ៍មុនដោយដកស្រង់ប្រភពពីរដែលបានដឹងពីកិច្ចការនេះ។

ផែនការនេះនឹងត្រូវបានរួមបញ្ចូលនៅក្នុងគោលនយោបាយពាក់កណ្តាលឆ្នាំដ៏សំខាន់មួយដែលនឹងត្រូវបានដាក់ចេញនៅខែនេះ។ លោកនាយករដ្ឋមន្ត្រី Kishida បានណែនាំឱ្យបង្កើតផែនការនេះឡើងបន្ទាប់ពីសមាជិកមកពីវិស័យឯកជននៃក្រុមប្រឹក្សា CEFP បានផ្តល់អនុសាសន៍ឱ្យបង្កើតផែនការនេះ។

សមាជិកទាំងនេះបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «នៅក្នុងក្របខណ្ឌរយៈពេលមធ្យមថ្មីនេះ យើងគួរតែរុញប្រទេសជប៉ុនឱ្យទៅកាន់ដំណាក់កាលថ្មីមួយ ដូច្នេះនឹងជួយឱ្យមានកំណើនសេដ្ឋកិច្ចនិងនិងសម្រេចបានទាំងការស្តារឡើងវិញនូវសេដ្ឋកិច្ច និងការពង្រឹងសារពើពន្ធ»៕