(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកជាថ្មីម្ដងទៀត ដល់សាធារណជនពីការផុតកំណត់ នៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទព្យ ដែលនឹងផុតកំណត់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៤។

ដូច្នេះម្ចាស់អចលនទ្រព្យ ដែលខកខានមិនបានប្រកាស និងបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក (មុនឆ្នាំ២០២៤) សូមមកប្រកាស និងបង់ប្រាក់ពន្ធសម្រាប់ឆ្នាំ ដែលខកខាននេះ ឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់)។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់បន្ថែមថា ចំពោះអចលនទ្រព្យដែលមិនធ្លាប់ចុះបញ្ជី សូមម្ចាស់អចលនទ្រព្យរួសរាន់មកចុះបញ្ជីអចលនទ្រព្យ របស់ខ្លួននៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ដោយត្រូវបំពេញទម្រង់ចុះបញ្ជី ដែលរដ្ឋបាលសារពើពន្ធបានកំណត់ (FORM PT 01) និងភ្ជាប់មកជាមួយនូវឯកសារថតចម្លង ដូចជា៖

១៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ប្រសិនបើមាន) បណ្ណសម្គាល់កម្មសិទ្ធិឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅរូបថត និងទីតាំងអចលនទ្រព្យ (និយាមកា៖ ដែលមានរយៈទទឹង និងរយៈបណ្តោយ)។
២៖ វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន)។
៣៖ ឯកសារពាក់ព័ន្ធផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)។

អចលនទ្រព្យដែលបានចុះបញ្ជីរួចហើយ ត្រូវទទួលបានលេខអត្តសញ្ញាណកម្ម សម្គាល់អចលនទ្រព្យ សម្រាប់ប្រើប្រាស់លើឯកសារទាក់ទិននឹងអចលនទ្រព្យនោះ។

សម្រាប់អ្នកជាប់ពន្ធត្រូវផ្ដល់ព័ត៌មាន ជូនរដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ) តាមទម្រង់ដែលបានកំណត់ ដោយរដ្ឋបាលសារពើពន្ធ ក្នុងករណីដូចខាងក្រោម៖
១៖ អចលនទ្រព្យត្រូវបានប្រែប្រួលដូចជា៖
* ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ និង/ឬសំណង់ផ្សេងៗ
* ផ្ទះ អគារ និងសំណង់ផ្សេងៗត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល។

២៖ អចលនទ្រព្យ ត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ។

៣៖ អចលនទ្រព្យ ត្រូវបានបំបែក ឬបង្រួមក្បាលដី
* ម្ចាស់អចលនទ្រព្យអាចប្រកាស និងបង់ប្រាកពន្ធនេះ នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ឬគ្រប់សាខាធនាគារពាណិជ្ជដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមអនឡាញ តាមរយៈកម្មវិធីទូរសួ័ព្ទដៃអ្នកជាប់ពន្ធ «GDT Taxpayer App» ដែលអាចទាញយកពី App Store ឬ Play Store បាន៕