(បាងកក)៖ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តជាគោលការណ៍លើសំណើ របស់ក្រសួងហិរញ្ញវត្ថុ ដើម្បីប្រមូលពន្ធលើតម្លៃបន្ថែម (VAT) លើទំនិញនាំចូលទាំងអស់ ដែលមានតម្លៃលើសពីមួយបាត ក្នុងកិច្ចប្រឹងប្រែងបញ្ឈប់ទំនិញនាំចូលតម្លៃថោក ជាពិសេសទំនិញពីប្រទេសចិន មិនឱ្យជន់លិចទីផ្សារក្នុងស្រុក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

យោងតាមកាសែតបាងកកប៉ុស្តិ៍ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke បានឱ្យដឹងថា កម្រិតអាករលើតម្លៃបន្ថែមថ្មីនេះ នឹងចូលជាធរមានក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់ពីការចេញផ្សាយសេចក្តីប្រកាស នៅក្នុងរាជ្យកិច្ច (Royal Gazette) ដែលក្រោយមកនឹងចូលជាធរមានរហូតដល់ថ្ងៃទី៣១ ខែធ្នូ។

លោកបានបន្ថែមថា រដ្ឋាភិបាលថៃនឹងវាយតម្លៃផលប៉ះពាល់ នៃគោលនយោបាយនេះ មុននឹងធ្វើការសម្រេចចិត្តថា តើត្រូវពង្រីកច្បាប់នេះឬយ៉ាងណា។

ក្រោមរបបអាករលើតម្លៃបន្ថែម បច្ចុប្បន្នដែលចូលជាធរមានតាំងពីឆ្នាំ២០១៨ មានតែទំនិញនាំចូលដែលមានតម្លៃលើសពី ១ ៥០០បាតប៉ុណ្ណោះដែលត្រូវជាប់អាករតម្លៃបន្ថែម។

លោក Chai បានថ្លែងថា វិធានការនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងបង្កើតឱ្យមានភាពស្មើគ្នារវាងក្រុមហ៊ុននាំចូល និងក្រុមហ៊ុនផលិតក្នុងស្រុក នៅក្នុងទីផ្សារក្នុងស្រុក។ ការផ្លាស់ប្តូរច្បាប់នេះ បានធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរ ពីអាជីវកម្មក្នុងស្រុក ជាពិសេសអ្នកលក់អនឡាញដែលបាននិយាយថា លំហូរចូលផលិតផលតម្លៃថោកតាមអ៊ីនធឺណិត កំពុងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេ។

លោកបានបន្ថែមថា ក្នុងរយៈពេលវែង រដ្ឋាភិបាលថៃគ្រោងនឹងធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីដោះស្រាយបញ្ហាទាំងនេះជាអចិន្ត្រៃយ៍។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕