(តូក្យូ)៖ អ្នកស្រី Kadri Simson ស្នងការអឺរ៉ុបទទួលបន្ទុកថាមពលបានឱ្យដឹងនៅទីក្រុងតូក្យូនៅថ្ងៃចន្ទនេះថា ការដាក់ទណ្ឌកម្មថ្មីរបស់អឺរ៉ុបដែលផ្តោតលើការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី ទំនងជាមិនប៉ះពាល់ដល់អ្នកទិញនៅអាស៊ីទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មទី១៤ លើប្រទេសរុស្ស៊ីជុំវិញការបង្កសង្រ្គាមលើប្រទេសអ៊ុយក្រែន សហភាពអឺរ៉ុបបានស្នើច្បាប់ហាមឃាត់មួយដោយមិនឱ្យប្រតិបត្តិការលើកដាក់ទំនិញនិងនាវាដឹកជញ្ជូញរបស់សហភាពអឺរ៉ុបផ្តល់សេវាសម្រាប់ការដឹកជញ្ជូនឧស្ម័ន LNG របស់រុស្ស៊ីទៅកាន់ប្រទេសទីបីឡើយ។ ការហាមឃាត់នេះមិនប៉ះពាល់ដល់ការនាំចូលទៅកាន់សហភាពអឺរ៉ុបទេ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ សហភាពអឺរ៉ុបក៏នឹងហាមឃាត់មិនឱ្យប្រតិបត្តិកររបស់សហភាពអឺរ៉ុបធ្វើការវិនិយោគថ្មី និងផ្តល់ទំនិញ បច្ចេកវិទ្យា និងសេវាកម្មសម្រាប់ការបញ្ចប់គម្រោង LNG ដែលកំពុងសាងសង់នានាផងដែរដូចជាគម្រោង Arctic LNG និង Murmansk LNG ជាដើម។

អ្នកស្រី Simson បានថ្លែងថា៖ «ការណ៍នេះនឹងមិនបង្កបញ្ហាដល់អ្នកប្រើប្រាស់នៅអាស៊ីទេ។ ទីផ្សារ LNG ឥឡូវនេះគឺជាទីផ្សារមានសន្ទនីយភាព ហើយការរកប្រភពឧស្ម័នផ្សេងមកផ្គត់ផ្គង់ជំនួសអាចធ្វើទៅបាន បើរុស្ស៊ីមិនស្វែងរកមធ្យោបាយដឹកជញ្ជូនជំនួស»។

បណ្តាប្រទេសមួយចំនួនរួមទាំងបែលហ្ស៊ិក អាឡឺម៉ង់ និងបារាំងបានស្នើឱ្យគណៈកម្មការអឺរ៉ុបវាយតម្លៃថាតើការហាមឃាត់នេះអាចប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ីច្រើនជាងសហភាពអឺរ៉ុបដែរឬទេ នេះបើយោងតាមក្រុមអ្នកការទូត។

អ្នកស្រី Simson បាននិយាយថា គណៈកម្មាការបានផ្តល់ឱ្យរដ្ឋជាសមាជិករបស់ខ្លួននូវ «ទិន្នន័យចាំបាច់ទាំងអស់» ដែលបង្ហាញថា សំណើហាមឃាត់នេះនឹងមិនប៉ះពាល់ដល់ទីផ្សារពិភពលោកខ្លាំងនោះទេ។ លោកស្រីបានបន្ថែមថា៖ «វាគ្រាន់តែមានន័យថា រុស្ស៊ីត្រូវប្រើនាវាដឹកជញ្ជូនជំនួសដើម្បីផ្គត់ផ្គង់ដល់អតិថិជនប្រទេសទីបីរបស់ពួកគេដែលនឹងធ្វើឱ្យឧស្ម័នរបស់រុស្ស៊ីមានតម្លៃកាន់តែថ្លៃ ប៉ុន្តែបើទោះជារុស្ស៊ីមិនរកនាវាដឹកបន្តក៏ដោយ ក៏មិនមានការបាត់បរិមាណឧស្ម័នចេញពីទីផ្សារពិភពលោកដែរ»