(ព្រះសីហនុ)៖ ទំនិញនាំចូល និងនាំចេញជាង៣លានតោន បានឆ្លងកាត់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយទទួលបានចំណូល ទឹកប្រាក់សរុបចំនួនប្រមាណជាង៣៥លានដុល្លារ សម្រាប់៤ខែ ដើមឆ្នាំ២០២៤។

លោក ថៃ ឬទ្ធី អគ្គនាយករងសារជីវកម្មកំពង់ផែស្វយ័តព្រះសីហនុ បានឲ្យដឹងថា ទំនិញនាំចូលមានចំនួន ២.៣៣៤.៦២៧តោន ទំនិញនាំចេញមានចំនួន ៧៥៦,៥៦៦តោន ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ កើនឡើង២៦.៩៦ភាគរយ បើ​ធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងដើមឆ្នាំ២០២៣ នឹងអាចរកចំណូលបានចំនួន ៣៥.២៧៣.០១៥ដុល្លារ កើនឡើង២៤.៤០ភាគរយ បើធៀបនឹង៤ខែ ឆ្នាំ២០២៣។

លោកបានបញ្ជាក់ទៀតថា ទាក់ទងនឹងវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ផែកុងតឺន័រទឹកជ្រៅថ្មី ក្នុងក្រុងព្រះសីហនុ និងអនុវត្តគម្រោងកែសម្រួលផែកុងតឺន័រប្រវែង២៥៣ម៉ែត្រ និងគម្រោងអភិវឌ្ឍន៍ផែកុងតឺន័រ ទឹកជ្រៅថ្មី ជំហាន១ ប្រវែង៣៥០ម៉ែត្រ ជម្រៅ១៤.៥ម៉ែត្រ ដែលសម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានអញ្ជើញមកសម្ពោធ កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បានកំពុងរៀបចំតេស្ដដីស្ទង់ជម្រៅទឹក ចល័តគ្រឿងចក្រ វិស្វករ និងការិយាល័យមកដល់ពេលនេះ បានប្រមាណ២ភាគរយហើយ ដែលក្នុងគម្រោងសាងសង់ រយៈពេល៣៦ខែ នឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

លោក ថៃ ឬទ្ធី បានលើកឡើងថា ជាមោទនភាពរបស់កម្ពុជា ដែលប្រមុខរដ្ឋាភិបាលសម្តេចធិបតី បានកំណត់កំពង់ផែស្វយ័តក្រុងសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់ ប៉ុនែ្តមិនមែនសម្រាប់តែកម្ពុជាទេ គឺជាកំពុងផែសម្រាប់តំបន់ ដោយគ្រប់នាវាទាំងអស់ ដែលធ្វើនាវាចរណ៍នៅក្នុងតំបន់ និងក្នុងពិភពលោកអាចចូលចត ឬចេញពីកំពុងផែយើងបាន ហើយទំនិញរបស់យើង មិនលំបាកក្នុងការយកទៅផ្ទេរ នៅកំពង់ផែប្រទេសជិតខាង ដូចជាកំពុងផែប្រទេស សិង្ហបុរី ដែលមានតម្លៃដឹកជញ្ជូនខ្ពស់នោះទេ។

ចាប់ពីថ្ងៃទី១ ខែមិថុនា កំពុងផែ នឹងដាក់ប្រកាសនូវសេចក្ដីណែនាំរបស់សម្តេចធិបតី អំពីនីតិវិធីអនុវត្ត Transshipment ស្ដុកទំនិញជាបណ្ដោះអាសន្នសិន ហើយបន្ទាប់មកលើកដាក់ លើកប៉ាល់ដឹកបន្តចេញទៅទៀត។

គូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នូវឃ្លាំងសន្និធិគយបណ្តោះអាសន្ននៅចំណតផែកុងតឺន័រ LM១៧, ចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦ និងឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់៕