(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា មិនមែនពឹងផ្អែកតែទៅលើប្រព័ន្ធអនុគ្រោះនោះទេ ព្រោះថា ផលិតផលដែលត្រូវបានអនុគ្រោះនោះ សុទ្ធតែមានការកំណត់ពេលវេលា និងបរិមាណទំនិញ។

ថ្លែងក្នុងកិច្ចពិភាក្សាលើប្រធានបទ «មធ្យោបាយជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS, លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «មិនមែនក្រសួងពាណិជ្ជកម្ម មិនមែនរាជរដ្ឋាភិបាលកម្ពុជាយើង ធ្វើពាណិជ្ជកម្មពឹងផ្អែក តែទៅលើប្រព័ន្ធអនុគ្រោះនោះទេ»

លោក ប៉ែន សុវិជាតិ បានលើកឡើងថា យើងដឹងស្រាប់ហើយថា នៅលើពិភពលោកនេះ ប្រព័ន្ធអនុគ្រោះ GSP ឬក៏ហៅថា ប្រព័ន្ធអនុគ្រោះទូទៅ ហើយនឹងប្រព័ន្ធអនុគ្រោះ EBA ត្រូវបានផ្ដល់ឲ្យដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួលបានផលអនុគ្រោះពន្ធ។

បន្ថែមពីនោះទៀត លោកបានបញ្ជាក់ថា ក្រោមប្រព័ន្ធ GSP មិនមែនមានន័យថា ក្រោមបន្ទាត់ពន្ធទាំងអស់ សុទ្ធតែស្មើសូន្យនោះទេ ហើយក៏មិនមែនមានន័យថា គ្រប់បន្ទាត់ពន្ធទាំងអស់ សុទ្ធតែបានលើកលែងផងដែរ។ ដោយឡែក ប្រព័ន្ធអនុគ្រោះ EBA ក៏មានបន្ទាត់ពន្ធមួយចំនួន បានកំណត់ពេលវេលា និងបរិមាណក្នុងការអនុគ្រោះផងដែរ៕

សូមស្តាប់ និងទស្សនាវីដេអូនៃការលើកឡើងរបស់លោក ប៉ែន សុវិជាតិ៖