(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ចំពោះតម្លៃទំនិញរាជរដ្ឋាភិបាល មិនអាចកំណត់ថ្លៃបានជាដាច់ខាត ព្រោះកម្ពុជាប្រកាន់យករបបទីផ្សារសេរី អាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់ ប៉ុន្ដែរាជរដ្ឋាភិបាល អាចអន្ដរាគមន៍ថ្លៃបាន។

ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ ធ្វើឡើងក្នុងកម្មវិធី WATCH VIDEO: FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «បមធ្យោបាយជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា»។

លោក ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា «រដ្ឋាភិបាលមិនអាចកំណត់ថ្លៃ បានជាដាច់ខាត​ រាជរដ្ឋាភិបាលអាចធ្វើអន្ដរាគមន៍ថ្លៃ ប៉ុន្ដែមិនអាចកំណត់ថ្លៃបានឡើយ ព្រោះទីផ្សារសេរីអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់។ ដើម្បីឲ្យតុល្យភាពតម្រូវការ និងការផ្គត់ផ្គង់នេះ ឲ្យមានភាពរស់រវើក ឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ទីផ្សារទំនិញមួយចំនួន សូម្បីទំនិញពីខេត្តមួយទៅខេត្តមួយឃើញថា ទំនិញមានតម្លៃខុសគ្នា អាស្រ័យដោយកត្តាគម្លាតចម្ងាយរវាងទីតាំងផលិត និងទីផ្សារ»

លោកបានបន្ដថា ក្នុងយុទ្ធនាការនៃការទិញផលិតផលខ្មែរ ដែលបានឲ្យក្រសួងពាណិជ្ជកម្មធ្វើ មែនទែនទៅយុទ្ធនាការនេះ ក្រសួងពាណិជ្ជកម្មបានធ្វើតាំងពីអាណត្តិមុនៗមកម្ល៉េះ ហើយសម្រាប់អាណត្តិទី៧នេះ យើងក៏ប្រឹងប្រែងបន្ដយុទ្ធនាការទិញផលិតផលខ្មែរនេះ ឲ្យបានខ្លាំងក្លាថែមមួយកម្រិតទៀត និងអនុវត្តន៍នូវគោលការណ៍មួយចំនួន ដើម្បីធ្វើយ៉ាងណាបង្ខិតប្រភពផលិតឲ្យមកជិតទីផ្សារ។

លោកបានបញ្ជាក់ថា ក្នុងនោះរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យបង្កើតទីផ្សារលក់ដុំ ហើយថ្មីៗនេះក្រុមការងារ របស់ក្រសួងពណិជ្ជកម្ម បានចុះពិនិត្យទីតាំងទីកន្លែងតាមបណ្ដាខេត្ត ដែលមានឯកទេសផលិតផ្សេងៗគ្នា។ ចំពោះការរៀបចំឲ្យមានទីផ្សារបោះដុំនេះ គឺដើម្បីមានកន្លែងប្រមូលផ្ដុំធានាគុណភាពទំនិញ សម្រាប់ប្រជាកសិករក៏ដូចជាផលិតកររបស់យើង ដែលផលិតបានហើយពិបាករកទីផ្សារ គឺក្នុងគោលដៅធ្វើយ៉ាងណាឲ្យមានទំនិញបរិបូរណ៍សម្រាប់ទីផ្សារ មានជម្រើសសម្រាប់អ្នកទិញ និងមានតម្លៃសមរម្យ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់បន្ថែមថា ក្រសួងពាណិជកម្មអាចរក្សាតុល្យាភាពនៃតម្លៃបាន តាមរយៈការបង្ខិតទីតាំងផលិតមកជិតផ្សារ បង្រួមពេលវេលាថ្លៃដឹកជញ្ជូន និងមធ្យោបាយដែលសម្រួល ដល់កសិករដឹកជញ្ជូនមកទីផ្សារទាន់ពេលវេលា ជម្រាបណែនាំអំពីបទដ្ឋានចំនួននៃគុណភាពផលិតផល និងតម្រូវការទីផ្សារ ព្រោះទំនិញខ្លះអាចលក់បានលើទីផ្សារធម្មតា ប៉ុន្ដែមិនអាចលក់បានក្នុងផ្សារទំនើប៕