(បាងកក)៖ ក្រសួងហិរញ្ញវត្ថុថៃគ្រោងនឹងអនុវត្តវិធានការរៀបចំបំណុលឡើងវិញ សម្រាប់បុគ្គល ដើម្បីជួយបង្កើនប្រាក់ចំណូលរបស់ពួកគេ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Pichai Chunhavajira បាននិយាយកាលពីថ្ងៃអង្គារថា វិធានការជំរុញរយៈពេលខ្លី ដែលរៀបចំដោយក្រសួងមានគោលបំណងបង្កើនប្រាក់ចំណូល របស់បុគ្គល តាមរយៈការរៀបចំបំណុលឡើងវិញ ទាំងបំណុលនៅធនាគារសាធារណៈ និងធនាគារឯកជន។ លោកបន្តថា ធនាគារកណ្តាលថៃ បានឯកភាពលើគំនិតនេះរួចហើយ។

លោក Pichai បានត្រូវបានដកស្រង់សម្ដី ដោយកាសែតបាងកកប៉ុស្តិ៍ថា៖ «វិធានការដែលយើងបានរៀបចំនឹងជួយឱ្យប្រជាជនមានប្រាក់ កាន់តែច្រើននៅក្នុងហោប៉ៅរបស់ពួកគេ សម្រាប់ការចំណាយ។ វិធីសាស្រ្តមួយគឺកាត់បន្ថយបន្ទុកសងបំណុល និងបង្កើនរយៈពេលសងត្រលប់ ដែលធនាគារកណ្តាលយល់ព្រមរួចហើយ»

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Julapun Amornvivat បាននិយាយថា ក្រសួងគ្រោងប្រើប្រាស់មូលនិធិក្រៅផែនការថវិកា ដើម្បីបញ្ចៀសបន្ទុកថវិកា។ ក្រសួងប៉ាន់ប្រមាណថា ទឹកប្រាក់ចំនួន ១០ពាន់លានបាតអាចយកចេញពីមូលនិធិក្រៅផែនការថវិកា ដែលសរុបមានប្រហែល ១ពាន់ពាន់លានបាត៕