(ក្រុងឡុងដ៍)៖ អាជ្ញាធរមូលបត្រនិងទីផ្សារអឺរ៉ុប (ESMA) បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់ខ្លួន ស្ដីពីបញ្ញាសិប្បនិមិត្ត (AI) ថា ធនាគារ និងក្រុមហ៊ុនមូលបត្រនៅសហភាពអឺរ៉ុប មិនអាចគេចផុតពីការទទួលខុសត្រូវ និងកាតព្វកិច្ចផ្លូវច្បាប់ ក្នុងការការពារអតិថិជនឡើយ នៅពេលក្រុមហ៊ុនទាំងនោះប្រើប្រាស់បច្ចេកវិទ្យា AI។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អាជ្ញាធរ ESMA កាលពីថ្ងៃព្រហស្បតិ៍បានកំណត់របៀបដែលក្រុមហ៊ុនហិរញ្ញវត្ថុ នៅសហគមន៍អឺរ៉ុប ដែលមានសមាជិក ២៧ប្រទេសអាចប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងប្រតិបត្តិការ ប្រចាំថ្ងៃដោយមិនបំពានច្បាប់សន្តិសុខ MiFID របស់សហភាពអឺរ៉ុប។

អាជ្ញាធរ ESMA បានឱ្យដឹងថា បើទោះបច្ចេកវិទ្យា AI អាចជួយការងារបានច្រើន ក្នុងការពង្រឹងយុទ្ធសាស្រ្តវិនិយោគ និងសេវាកម្មអតិថិជនក្តី ក៏វានាំមកនូវហានិភ័យផងដែរ ហើយផលប៉ះពាល់ដែលអាចកើតមានលើការការពារអ្នកវិនិយោគ លក់រាយទំនងជាមានខ្លាំង។

អាជ្ញាធរ ESMA បានបន្ថែមថា៖ «សំខាន់នោះ ការសម្រេចចិត្តរបស់ក្រុមហ៊ុន នៅតែជាការទទួលខុសត្រូវរបស់ស្ថាប័នគ្រប់គ្រង ដោយមិនគិតថាតើការសម្រេចចិត្តទាំងនោះ ត្រូវបានធ្វើឡើងដោយមនុស្ស ឬឧបករណ៍ដែលមានមូលដ្ឋានលើ AI ឡើយ»

ESMA បានបន្តថា៖ «ការប្រើប្រាស់ AI នៅក្នុងសេវាកម្មវិនិយោគ គឺជាការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរ ដើម្បីជាប្រយោជន៍ល្អបំផុតរបស់អតិថិជន ដែលជាលក្ខខណ្ឌតម្រូវរួមអនុវត្តដោយមិនគិតពីឧបករណ៍ដែលក្រុមហ៊ុនសម្រេចចិត្តយកមកប្រើប្រាស់ក្នុងការផ្តល់សេវាកម្មនោះទេ»

អាជ្ញាធរ ESMA បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ មិនត្រឹមតែគ្របដណ្តប់លើករណីដែលធនាគារ ឬក្រុមហ៊ុនមូលបត្របង្កើត ឬប្រើប្រាស់ឧបករណ៍ AI ដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្រើប្រាស់បច្ចេកវិទ្យា AI របស់ភាគីទីបីដូចជាក្រុមហ៊ុន ChatGPT និងក្រុមហ៊ុន Google Bard ផងដែរបើទោះជាបានដឹងដោយផ្ទាល់ ឬមិនបានដឹងដោយផ្ទាល់ និងទទួលបានការអនុញ្ញាត ឬមិនទទួលបានការអនុញ្ញាតពីថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក៏ដោយ។

ESMA បាននិយាយថា៖ «ស្ថាប័នគ្រប់គ្រងរបស់ក្រុមហ៊ុនគួរតែមានការយល់ដឹង សមស្របអំពីរបៀបអនុវត្តបច្ចេកវិទ្យា AI និងប្រើប្រាស់នៅក្នុងក្រុមហ៊ុនរបស់ពួកគេ ហើយគួរតែធានាបាននូវការត្រួតពិនិត្យសមស្រប ទៅលើបច្ចេកវិទ្យាទាំងនេះ»

សេចក្តីថ្លែងការណ៍នេះ ផ្តោតលើការអនុលោមតាមច្បាប់សន្តិសុខ MiFID និងដាច់ដោយឡែកពីច្បាប់ផ្សេងៗ របស់សហភាពអឺរ៉ុបស្តីពី AI ដែលចូលជាធរមាននៅខែក្រោយ ដោយកំណត់បានជាស្តង់ដារសកល ដែលមានសក្តានុពលសម្រាប់បច្ចេកវិទ្យា ដែលប្រើប្រាស់ក្នុងអាជីវកម្ម និងជីវិតប្រចាំថ្ងៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕