(ប៉េកាំង)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសចិន គ្រោងនឹងកើនឡើង ៥ភាគរយនៅឆ្នាំនេះ បន្ទាប់ពីត្រីមាសទីមួយបង្ហាញកំណើន «រឹងមាំ»។ កំណើននៅឆ្នាំ ២០២៤នេះត្រូវបានដំឡើងពី ៤,៦ភាគរយដែលបានពន្យាករនាពេលកន្លងមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

មូលនិធិ IMF បានឱ្យដឹងថា ខ្លួនបានកែប្រែដំឡើងទិសដៅផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនទាំងប្រចាំឆ្នាំ២០២៤ និង២០២៥ ចំនួន ០,៤ភាគរយ ប៉ុន្តែមូលនិធិនេះបានព្រមានថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន នឹងថយចុះមកវិញនៅត្រឹម ៣,៣ភាគរយនៅឆ្នាំ២០២៩ ដោយសារតែចំនួនប្រជាជនវ័យចំណាស់ និងកំណើនផលិតភាពយឺត។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ មូលនិធិ IMF បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយក្រោយបញ្ចប់ការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ចំពោះសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៤ ថា៖ «កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានព្យាករថា នឹងនៅតែមានភាពធន់ក្នុងអត្រា ៥ភាគរយ ក្នុងឆ្នាំ២០២៤ និងថយចុះមកត្រឹម ៤,៥ភាគរយវិញក្នុងឆ្នាំ២០២៥»។ IMF បានបន្តថា «កំណើនខ្លាំងនៅត្រីមាសទី១ និងវិធានការគោលនយោបាយថ្មីៗ» បានជំរុញឱ្យមានការដំឡើងការព្យាករនេះ។

សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងល្បឿនលឿនជាងការរំពឹងទុក ៥,៣ភាគរយនៅត្រីមាសទី១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងការព្យាកររបស់អ្នកវិភាគ ដែលមានត្រឹមតែ ៤,៦ភាគរយនៅក្នុងការស្ទង់មតិរបស់រ៉យទ័រ និងបានកើនឡើងពីកំណើន ៥,២ភាគរយកាលពីឆ្នាំមុន៕