(ហាណូយ)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាម កំពុងពិចារណាពន្យារពេលជាថ្មី នូវដំណើរការរោងចក្រតម្លៃ ៤ពាន់លានដុល្លាររបស់ខ្លួន ក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនដែលជួបប្រទះការខាតបង់នេះ កំពុងតស៊ូទទួលបានចំណាប់អារម្មណ៍ របស់អ្នកប្រើប្រាស់អាមេរិក។ នេះបើយោងតាមប្រភពមួយ ដែលបានប្រាប់ទីភ្នាក់ងារព៌មានរ៉យទ័រ។

ក្រុមហ៊ុន VinFast បានប្រកាសនៅឆ្នាំ២០២២ថា ខ្លួននឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងអាគុយនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ១៥០ ០០០គ្រឿង ដើម្បីទទួលបានផលប្រយោជន៍ ពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអាមេរិកលោក ចូ បៃឌិន សម្រាប់គោលនយោបាយឧបត្ថម្ភធនរថយន្តអគ្គិសនី ដែលផលិតនៅអាមេរិក។

ប្រភពដែលបានដឹងបញ្ហានេះ បានប្រាប់រ៉យទ័រដោយស្នើសុំមិនបង្ហាញអត្តសញ្ញាណ ដោយសារព័ត៌មាននេះមិនទាន់បង្ហាញជាសាធារណៈថា ក្រុមហ៊ុនគ្រោងបញ្ចប់ការសាងសង់រោងចក្រនៅខែកក្កដា ឆ្នាំ២០២៤ ប៉ុន្តែក្រោយមកថាពន្យារពេលចាប់ផ្តើមប្រតិបត្តិការ នៅឆ្នាំ២០២៥។ ឥឡូវនេះ ក្រុមហ៊ុនកំពុងពិចារណាពន្យារពេលម្តងទៀត។

ក្រុមហ៊ុន VinFast ដែលបានលក់រថយន្តតិចជាង ១ពាន់គ្រឿងនៅអាមេរិកខាងជើង កាលពីឆ្នាំមុនបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ខ្លួន «កំពុងពិនិត្យនិងវាយតម្លៃយ៉ាងម៉ត់ចត់លើគ្រប់ទិដ្ឋភាព នៃដំណើរការសាងសង់រោងចក្រនៅរដ្ឋ North Carolina របស់យើង»

អាជ្ញាធរប្រចាំខោនធី Chatham នៃរដ្ឋ North Carolina ជាទីដែលបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុ VinFast កាលពីខែកក្កដា បានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីការពន្យារពេលដែលអាចកើតមានជាថ្មីនេះ។

អ្នកនាំពាក្យរបស់រដ្ឋបាលខោនធី Chatham បានឱ្យដឹងថា ក្រុមហ៊ុន VinFast បានកែប្រែទំហំអគាររោងចក្រដំឡើងរថយន្តនេះ ចំនួនពីរដងរួចមកហើយ។ ការកែប្រែចុងក្រោយបានធ្វើឡើង និងដាក់ជូនអាជ្ញាធរខោនធីនេះក្នុងខែមេសា ហើយកំពុងស្ថិតក្នុងដំណើរការត្រួតពិនិត្យ៕