(ភ្នំពេញ)៖ អ្នកជំនាញនៅក្នុងទីផ្សារមាស បានគូសបញ្ជាក់ថា ក្នុងខែឧសភានេះតម្លៃមាសបានហក់ឡើងដល់ជិត ៣ពាន់ដុល្លារក្នុងមួយតម្លឹង ជាតម្លៃខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមក ហើយនឹងអាចកើនឡើងបន្ថែមទៀតនៅចុងឆ្នាំ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន Golden FX Link Capital បានប្រាប់បណ្តាញព័ត៌មាន Fresh News ​ថា តម្លៃមាសបានហក់ឡើងខ្លាំង នៅរយៈពេល២ខែនេះ គឺមេសា និងខែឧសភា។ ​បើធៀបរវាងខែមេសា និងខែឧសភា តម្លៃមាសបានកើនឡើងប្រមាណ​ ២៣ដុល្លារក្នុងមួយតម្លៃ ពោលគឺកាលពីខែមេសា តម្លៃមាសហក់ខ្ពស់បំផុតត្រឹមតែ ២ ៩២៧ដុល្លារក្នុងមួយតម្លឹង ​ឬប្រមាណ២ ៤៣០ដុល្លារ ក្នុងមួយអោន​ ខណៈនៅក្នុងខែឧសភានេះ តម្លៃមាសបានហក់ឡើងដល់ ២ ៩៥០ដុល្លារក្នុងមួយតម្លឹង ឬប្រមាណ២ ៤៤៩ដុល្លារក្នុងមួយអោន។

លោកបានពន្យល់ថា កត្តាដែលជំរុញឱ្យតម្លៃមាស ហក់ឡើងខ្ពស់នៅក្នុងឆ្នាំ២០២៤នេះ ដោយសារកត្តាបី ​គឺ ធនាគារកណ្តាលសហរដ្ឋអាមេរិក មានគម្រោងក្នុងកាត់បន្ថយអត្រាការប្រាក់ដុល្លារ នៅក្នុងឆ្នាំ២០២៤​, កត្តាសង្រ្គាមនៅបណ្តាប្រទេសមួយចំនួន ដែលប៉ះពាល់ការរកស៊ីរបស់ប្រជាជន នៅលើសាកលលោក និងទី៣. ទំនុកចិត្តនៃការប្រើប្រាស់ប្រាក់ដុល្លារ ដែលរំពឹងថានឹងធ្លាក់ថ្លៃនាពេលខាងមុខ ​និងការវិនិយោគរបស់វិនិយោគិន ទៅលើតម្លៃហាងឆេងមាស។

តែយ៉ាងណាមិញលោកយល់ថា ប្រសិនបើ​គ្មានភាពតានតឹង លើស្ថានភាពនយោបាយតទៀតទេ នៅដើមខែក្រោយតម្លៃមាសនឹងអាចធ្លាក់ចុះ។ ​យ៉ាងណាមិញលោកព្យាករណ៍ថា តម្លៃមាសអាចកើនឡើងវិញនៅអំឡុងខែកញ្ញា និងតុលា លើសតម្លៃបច្ចុប្បន្ននេះទៅទៀត។

លោកលើកឡើងថា ដើម្បីធ្វើឱ្យការវិនិយោគ ឬការទិញ-លក់មាស មានផលចំណេញ លោកលើកទឹកចិត្តឱ្យធ្វើការតាមដានជាប្រចាំ ទៅលើការឡើងចុះនៃប្រាក់ដុល្លារអាមេរិក។

លោកបញ្ជាក់ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ​ហាងមាសមានតម្លៃ ២ ៨៣២ដុល្លារ ក្នុងមួយតម្លឹង ឬប្រមាណ២ ៣៥១ដុល្លារក្នុងមួយអោន៕

សូមស្តាប់ការពន្យល់បន្ថែមរបស់លោក ឡុង សំណាង៖