(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅថ្ងៃអង្គារថា ម៉ាឡេស៊ីកំពុងកំណត់គោលដៅវិនិយោគយ៉ាងតិច ៥០០ពាន់លានរីងហ្គីត (១០៧ពាន់លានដុល្លារ) សម្រាប់ឧស្សាហកម្មស៊ីមីកុងដាក់ទ័រ (បន្ទះឈីប) របស់ខ្លួន ខណៈដែលមានបំណងបង្កើនតួនាទីនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ម៉ាឡេស៊ីគឺជាប្រទេសសំខាន់មួយនៅក្នុងឧស្សាហកម្មបន្ទះឈីបដែលមានចំណែក ១៣ភាគរយនៃដំណាក់ធ្វើតេស្តនិងការវេចខ្ចប់ជាសកលសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប។ ម៉ាឡេស៊ីបានទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារពីក្រុមហ៊ុនឈានមុខគេនានាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងក្រុមហ៊ុន Intel និងក្រុមហ៊ុន Infineon។

លោក Anwar បាននិយាយថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រូវការការវិនិយោគខាងផ្នែកការរចនាសៀគ្វី (integrated circuit) ការវេចខ្ចប់កម្រិតខ្ពស់ និងឧបករណ៍ផលិតសម្រាប់បន្ទះឈីបស៊ីមីកុងដាក់ទ័រ។

លោក Anwar ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងនៅក្នុងសុន្ទរកថានៅឯព្រឹត្តិការណ៍ឧស្សាហកម្មមួយថា ម៉ាឡេស៊ីក៏ចង់បង្កើតក្រុមហ៊ុនក្នុងស្រុកយ៉ាងហោចណាស់ ១០ ផងដែរដែលមានជំនាញខាងផ្នែករចនានិងវេចខ្ចប់កម្រិតខ្ពស់សម្រាប់បន្ទះឈីបស៊ីមីកុងដាក់ទ័រដែលផ្តល់ប្រាក់ចំណូលចន្លោះពី ២១០លានដុល្លារទៅ ១ពាន់លានដុល្លារអាមេរិក។

លោកបានបន្ថែមថា ម៉ាឡេស៊ីនឹងបែងចែកថវិកាផ្នែកសារពើពន្ធចំនួន ៥,៣ពាន់លានដុល្លារអាមេរិកដើម្បីសម្រេចបានគោលដៅទាំងនេះ។ តែលោក Anwar មិនបានបញ្ជាក់ពីពេលវេលាកំណត់សម្រាប់គោលដៅដែលត្រូវសម្រេចបាននោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕