(ប៉េកាំង)៖ ប្រទេសចិនបានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិអាមេរិក និងនាយកប្រតិបត្តិមួយចំនួនជុំវិញ «ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច» របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងក្រុមហ៊ុនចិន និងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីក្រុងប៉េកាំងនៅមិនសុខស្រួលឡើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជុំវិញទំនាក់ទំនងដ៏កក់ក្តៅ រវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិ ដែលលោក Lai Ching-te បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ ជាប្រធានាធិបតីថ្មីរបស់កោះ ដែលគ្រប់គ្រងដោយខ្លួនឯងនោះ។

ប្រទេសចិនបានទាមទារកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានចាត់ទុកលោក Lai ថាជា «អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់» ដែលនឹងនាំមកនូវ «សង្រ្គាមនិងការធ្លាក់ចុះ» ចំពោះកោះនេះ។

នៅថ្ងៃឡើងកាន់ដំណែងដំបូងរបស់លោក Lai ក៏មានការឃើញប្រទេសចិនប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុនការពារជាតិអាមេរិកចំនួនបី ដោយសារការលក់អាវុធរបស់ពួកគេ ទៅឱ្យទីក្រុងតៃប៉ិ។

ក្រៅពីបញ្ហាកោះតៃវ៉ាន់ ទីក្រុងប៉េកាំងកាលពីថ្ងៃពុធក៏បានលើកឡើងពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនរបស់ចិន ពីបទមានការជាប់ទាក់ទងនឹងរុស្ស៊ី ដែលនាំឱ្យចិនសម្រេចចិត្តដាក់ចេញ «វិធានការណ៍តបត» ផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធ ទីក្រុងប៉េកាំងបាននិយាយថា ទណ្ឌកម្មក៏នឹងត្រូវដាក់លើក្រុមហ៊ុនការពារជាតិ និងនាយកប្រតិបត្តិមួយចំនួន របស់សហរដ្ឋអាមេរិក រួមទាំងអង្គភាព និងបុគ្គលស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន Raytheon និងក្រុមហ៊ុន General Dynamics ។

ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំង បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលប្រកាសពីវិធានការតបតនេះថា៖ «សហរដ្ឋអាមេរិក ... បានដាក់ទណ្ឌកម្មដោយខុសច្បាប់ និងឯកតោភាគីប្រឆាំងនឹងអង្គភាពមួយចំនួន របស់ចិន...ខណៈពេលដែលបន្តលក់អាវុធទៅឱ្យតៃវ៉ាន់»

នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យកោះតៃវ៉ាន់ «(បំពាន) យ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ... (ជ្រៀតជ្រែក) យ៉ាងធ្ងន់ធ្ងរក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន»។

ទីក្រុងវ៉ាស៊ីនតោន បានប្តូរមកទទួលស្គាល់ការទូតពីទីក្រុងតៃប៉ិ ទៅទីក្រុងប៉េកាំងក្នុងឆ្នាំ១៩៧៩ ប៉ុន្តែប្រទេសនេះនៅតែជាដៃគូដ៏សំខាន់បំផុតរបស់តៃវ៉ាន់ និងជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរស់កោះតៃវ៉ាន់៕