​(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ស្ថាបនិករមណីយដ្ឋានភូមិរំដួល និងភូមិសុខារាវី បានចែករំលែកពីគន្លឹះ ក្នុងការបើកដំណើររមណីយដ្ឋាន​មួយ ឱ្យដំណើរការល្អទៅដល់យុវជន ជាពិសេសដែលមានឆន្ទៈខ្ពស់ ក្នុងការចាប់របរនេះ។

លើកឡើងនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «បរិយាកាសនៃការអភិវឌ្ឍជំនួញ បែបរមណីយដ្ឋាននៅកម្ពុជា» របស់បណ្តាញព័ត៌មាន Fresh News លោក អៀង សុធារ៉ា មានប្រសាសន៍ថា ​យុវជនបើចង់បើករមណីយដ្ឋានផ្ទាល់ខ្លួន គួរធ្វើការកត់ត្រាជាមុនថា នៅក្នុងរមណីយដ្ឋាន​មួយ មានសប្បាយ ៧ចំណុច គឺទី១. ទីកន្លែងគួរចង់រស់នៅ (អាវាសប្បាយ) ២. មានផ្លូវការធ្វើដំណើរល្អ ធ្វើដំណើរស្រួល (គោចរសប្បាយ) ៣.មានការសន្ទនាផ្លាស់ប្តូរគំនិតល្អៗ (ធម្មស្សវនសប្បាយ) ៤.មានមនុស្សល្អនៅជិត (បុគ្គលសប្បាយ) ៥. មានអាហារសុវត្ថិភាពល្អ (ភោជនសប្បាយ) ៦.មានអាកាសធាតុល្អ (ឧតុសប្បាយ) ៧.មានកន្លែងផ្លាស់ប្តូរឥរិយាបថល្អ (ឥរិយាបថសប្បាយ)។

លោកបន្តថា តើ​អ្នកដែលចង់ចាប់អាជីពនេះ ចេះបំលែងទឹក ដី ភ្លើង ខ្យល់ ឱ្យទៅជាក្លាយទៅជាទីតាំងកម្សាន្តឆ្លើយតបនឹងចំណុចខាងលើដែរឬទេ? ដូច្នេះហើយបើសិនជាយើងមានតែ ឆន្ទៈ តែពុំចេះនូវចំណុចទាំងនេះច្រើនពេក ​នឹងធ្វើឱ្យអាជីវកម្មនោះ បរាជ័យ។

លោកជំរុញឱ្យយុវជនប្រសិនបើកមានឆន្ទៈបើករមណីយដ្ឋាន​​ គួរតែរៀនសូត្រឱ្យបានច្រើន មុននឹងទៅបើកដំណើរការរមណីយដ្ឋាន​មួយ ព្រោះនៅពេលដែលមិនចេះពិតប្រាកដ នឹងធ្វើឱ្យការរកស៊ីនោះជាការរកស៊ីបែបហេងស៊យ មិនមែនជាការរកស៊ីបែបគិតលេខ ដែលជាផ្លូវឈានទៅដល់ការបិទអាជីវកម្ម។

លោកមានប្រសាសន៍បន្តថា «យុវជនយើងចេះច្រើន ប៉ុន្តែចេះទ្រឹស្តី មិនចេះអនុវត្តភាគច្រើន អ៊ីចឹងយើងចេះអនុវត្តមួយទៀតទៅ​វាចប់រឿងហើយ ទី២. មិនដឹងខ្លួនឯងចេះអីប្រាកដ ហើយមិនចេះអីប្រាកដ ចេះតែគិតថារបស់ចេះក៏ថាចេះ របស់មិនចេះក៏ថាចេះដែរ​ ដល់អ៊ីចឹងមិនដឹងថា រៀនអី ហើយទៅរៀនច្រើនមុខ។ ប៉ុន្តែគួរតែរៀនអាណាដែលចាំបាច់ សម្រាប់​រមណីយដ្ឋាន»

សូមស្តាប់ការពន្យបន្ថែមរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ៖