(សេអ៊ូល)៖ កម្ពុជា និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាក្នុងការចែករំលែកនូវរបាយការណ៍ព័ត៌មាន ឥណទានទ្វេភាគី ដើម្បីឱ្យពលរដ្ឋខ្មែរនៅកូរ៉េ ងាយទទួលបានឥណទានតាមតម្រូវការ។

ការព្រមព្រៀងនេះ ធ្វើឡើងតាមរយៈការចុះអនុស្សារណៈយោគយល់ រវាងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ និងធនាគារ Joengbuk (JB) នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានផ្តួចផ្តើមឡើង ដើម្បីបង្កើតយន្តការសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគី រវាងប្រទេសទាំងពីរ។

កិច្ចសហការនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៥ម៉ឺននាក់ ដែលកំពុងបម្រើការងារលើវិស័យនានា នៅសាធារណរដ្ឋកូរ៉េ។

លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានមានប្រសាសន៍ថា «កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងទ្វេភាគីល្អរួចទៅហើយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហិរញ្ញវត្ថុ។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការនាំយកប្រទេសទាំងពីរ មកក្រោមក្របខណ្ឌនៃសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីនេះ ដែលអាចផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាជនកម្ពុជាមួយចំនួនធំនៅក្រៅប្រទេស ដើម្បីគាំទ្រដល់លទ្ធភាពទទួលបានហរិញ្ញវត្ថុ»

លោក Hwang, Jong-Sup ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌី ប្យួរ៉ូ កូរ៉េ ក៏បានលើកឡើងថា «ការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងប្រទេសកូរ៉េខាងត្បូង និងកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានការកើនឡើង នៃប្រជាជនចំណាកស្រុក និងកម្លាំងពលកម្ម។ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការបង្កើតគំនិតផ្តួចផ្តើមសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីនេះ ជាមួយ CBC ដែលជាក្រេឌីត ប្យួរ៉ូ ឈានមុខគេក្នុងការកែលម្អលទ្ធភាព ទទួលបានឥណទានរបស់ប្រជាជនកម្ពុជា នៅក្នុងសាធារណរដ្ឋកូរ៉េ»

លោក Baek, Jong-Il ប្រធាននាយកប្រតិបត្តិនៃធនាគារ Jeonbuk បានបន្ថែមទៀតថា «អនុស្សារណៈយោគយល់នេះ ជាសមិទ្ធផលនៃការប្តេជ្ញាចិត្តរបស់ធនាគារ Jeonbuk ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ។ ក្នុងនាមជាធនាគារឈានមុខគេ ក្នុងការគាំទ្រដល់ពលករចំណាកស្រុកនៅក្នុងប្រទេសកូរ៉េ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការសហការជាមួយ CBC និង KCB ដើម្បីផ្តល់ជូនប្រជាពលរដ្ឋកម្ពុជា នូវអត្ថប្រយោជន៍កាន់តែសម្បូរបែប និងសេវាកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈប្លែកពីគេ»

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្រួរ៉ូ ខេមបូឌា បានលើកឡើងថា «យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ ដែលជាក្រេឌីត ប្យួរ៉ូ ឈានមុខគេក្នុងសាធារណរដ្ឋកូរ៉េ ជាមួយនឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រដល់ប្រជាជនកម្ពុជាមួយចំនួនធំ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ ក្នុងការផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ។ ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ នៃប្រជាជនទាំងក្នុង និងក្រៅប្រទេសគឺជាអាទិភាពចម្បងរបស់យើង។ នេះជាកិច្ចសហការលើសេវាចែករំលែក របាយការណ៍ព័ត៌មានឥណទានទ្វេភាគីដែល ស៊ីប៊ីស៊ី បានធ្វើបន្ទាប់ពីសហការជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ សិង្ហបុរី កាលពីខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ»