(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុបបានចាប់ផ្តើមការស៊ើបអង្កេតលើផលិតផលដែកសន្លឹករមូ ឬដែកស្រោបសំណប៉ាហាំងពីប្រទេសចិន ដើម្បីវាយតម្លៃថាតើការនាំចូលទៅកាន់សហភាពអឺរ៉ុបត្រូវបានលក់ក្នុងតម្លៃទាបហួសហេតុឬយ៉ាងណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា គណៈកម្មការអឺរ៉ុបដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មនៅសហភាពអឺរ៉ុបដែលមានប្រទេសជាសមាជិកចំនួន២៧ បានបើកការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ (anti-dumping) នេះបន្ទាប់ពីមានបណ្តឹងពីសមាគមដែកអឺរ៉ុប Eurofer ។

ការស៊ើបអង្កេតនេះ រួមជាមួយនឹងការស៊ើបអង្កេតមួយផ្សេងទៀតដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍លើការនាំចូលឈើសម្រាប់ក្រាលធ្វើជាកម្រាលគឺជាការស៊ើបអង្កេតចុងក្រោយបង្អស់នៃពាណិជ្ជកម្មនិងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុបទៅលើការនាំចេញរបស់ចិន និងប្រតិបត្តិការរបស់ក្រុមហ៊ុនចិននៅអឺរ៉ុប ជាពិសេសការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនលើរថយន្តអគ្គិសនី។

ការស៊ើបអង្កេតនិងការដកហូតពន្ធគយរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានបណ្តាញឱ្យមានការវាយបកពីទីក្រុងប៉េកាំង ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចោទប្រកាន់ចិនពីសំណាក់អឺរ៉ុបនិងអាមេរិកថាបាននិងកំពុងលក់បង្ខូចថ្លៃចំពោះផលិតផលដែលផលិតចេញពីសមត្ថភាពលើសកម្រិតរបស់ខ្លួននៅលើទីផ្សារអឺរ៉ុបនិងសហរដ្ឋអាមេរិក គឺជា «កិច្ចគាំពារពាណិជ្ជកម្មយ៉ាងច្បាស់ក្រឡែត» របស់ប្រទេសទាំងពីរនេះ។

ការស៊ើបអង្កេតលើដែកស្រោមសំណប៉ាហាំងនេះនឹងមានរយៈពេលរហូតដល់ ១៤ខែ ដោយអាចមានលទ្ធភាពដកហូតពន្ធគយបណ្តោះអាសន្នក្នុងរយៈពេលពី ៧ ទៅ ៨ខែ។

បើយោងតាមរ៉យទ័រ សមាគមដែកអឺរ៉ុប Eurofer បាននិយាយថា ការបើកការស៊ើបអង្កេតនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្ដារឡើងវិញនូវការប្រកួតប្រជែងស្មើភាព។ សមាគមនេះបានបន្ថែមថា ឧស្សាហកម្មរបស់សហភាពអឺរ៉ុបបានបាត់បង់បរិមាណលក់មួយភាគបួនពីចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ខណៈដែលការនាំចូលរបស់ចិនបានកើនឡើងច្រើនជាងទ្វេដង។

សភាពាណិជ្ជកម្មចិនប្រចាំសហភាពអឺរ៉ុបបានឱ្យដឹងថា ខ្លួនព្រួយបារម្ភថា លទ្ធផលនៃការស៊ើបអង្កេតអាចប៉ះពាល់ដល់ឧស្សាហកម្មចិននិងការនាំចេញនាពេលអនាគត។ សភាពាណិជ្ជកម្មចិនបានឱ្យដឹងថា ជាពិសេសខ្លួនបារម្ភអំពីការអនុវត្តរបស់សហភាពអឺរ៉ុបក្នុងការបង្កើត «តម្លៃធម្មតា» មួយដោយផ្អែកលើអ្វីដែលសហភាពអឺរ៉ុបនិយាយថាជាតម្លៃគោលដែលមិនប៉ះពាល់ដល់តម្លៃទីផ្សារ។ តម្លៃធម្មតានេះត្រូវបានប្រៀបធៀបជាមួយនឹងតម្លៃនាំចេញដើម្បីកំណត់វិសាលភាពនៃការលក់បង្ខូចថ្លៃ។

ក្នុងករណីភាគច្រើន ការលក់បង្ខូចថ្លៃគ្រាន់តែមានន័យថាជាការលក់ផលិតផលនាំចេញក្នុងតម្លៃទាបជាងទីផ្សារក្នុងស្រុករបស់អ្នកនាំចេញប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕