(ភ្នំពេញ)៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ កើតឡើងនៅពេលដែលមានការផ្ទេរកម្មសិទ្ធិ ដូចជាការដោះដូរ ការធ្វើអំណោយ ការដាក់ភាគហ៊ុន ជាអចលនទ្រព្យក្នុងក្រុមហ៊ុន ការទទួលកម្មសិទ្ធិតាមរយៈសាលដីកាតុលាការ ឬភាគច្រើន កើតឡើងតាមរយៈការទិញលក់ជាដើម។

ពន្ធនេះ ជាកាតព្វកិច្ចរបស់អ្នកទទួលកម្មសិទ្ធិ ដែលយើងអាចនិយាយសាមញ្ញថា «អ្នកទិញ» តាមអត្រា ៤% នៃតម្លៃទីផ្សាររបស់អចលនទ្រព្យ។

បន្ទាប់ពីកាលបរិច្ឆេទ នៃដីកាបញ្ជូនពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត សម្រាប់អចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ឬដីកាបញ្ជួនពីរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ សម្រាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី (ពុំមានប័ណ្ណកម្មសិទ្ធិ) អ្នកជាប់ពន្ធមានរយៈពេល ៣ខែ សម្រាប់ការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ ដោយត្រូវរៀបចំសំណុំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រា មករដ្ឋបាលសារពើពន្ធ ដូចមានរាយនាមលម្អិតក្នុងបញ្ជីឯកសារតម្រូវ (Checklist) ខាងក្រោម៖