(ហាណូយ)៖ រដ្ឋាភិបាលវៀណាម នឹងស្វែងរកការអនុម័តពីរដ្ឋសភា ដើម្បីពន្យារពេលសងបំណុលចំនួន ៤ពាន់លានដុង (១៥៧លានដុល្លារ) ដែលក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Vietnam Airlines របស់វៀតណាមជំពាក់ដោយសារក្រុមហ៊ុន នៅត្រដាបត្រដួសនៅឡើយក្រោយវិបត្តិកូវីដ។ នេះបើយោងតាមកាសែត VN Express។

កាសែត VN Express បានរាយការណ៍ថា លោក Tran Van Son ប្រធានការិយាល័យរដ្ឋាភិបាលបានឱ្យដឹងថា រដ្ឋាភិបាលនឹងលើកសំណើនេះ ក្នុងសម័យប្រជុំខាងមុខរបស់រដ្ឋសភា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា។

ធនាគាររដ្ឋវៀតណាមដែលជាធនាគារកណ្តាលរបស់វៀតណាម បានផ្តល់ប្រាក់កម្ចីនេះទៅក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក្នុងឆ្នាំ២០២១ ដោយមិនមានការប្រាក់ ដើម្បីជួយឱ្យក្រុមហ៊ុនស្ទុះងើបឡើងវិញ បន្ទាប់ពីមានវិបត្តិកូវីដរយៈពេលពីរឆ្នាំនៅពេលដែលជើងហោះហើរភាគច្រើន ត្រូវបានលុបចោល។ បំណុលនេះត្រូវសងវិញក្នុងរយៈពេលបីឆ្នាំ។

សមាជិកសភាវៀតណាមក៏បានផ្តល់ភ្លើងខៀវ ឱ្យក្រុមហ៊ុនអាកាសចរណ៍មួយនេះ បោះផ្សាយលក់ភាគហ៊ុនទៅឱ្យម្ចាស់ភាគហ៊ុន ដែលមានស្រាប់ផងដែរ ដើម្បីប្រមូលប្រាក់ចំនួន ៨ពាន់ពាន់លានដុង (ប្រហែល ៣១៤លានដុល្លារ)។ នៅដំណាច់ឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានខាតបង់ចំនួន ៤០ពាន់ពាន់លានដុង។

ប៉ុន្តែការស្ទុះងើបឡើងវិញ យ៉ាងខ្លាំងនៃទីផ្សារទេសចរណ៍ និងការប្រគល់យន្តហោះទាំងអស់មកវិញ ដែលក្រុមហ៊ុនបានជួលទៅក្រុមហ៊ុនបុត្រសម្ព័ន្ធ Pacific Airlines បានជួយក្រុមហ៊ុន Vietnam Airlines Group ប្រកាសប្រាក់ចំណេញប្រចាំត្រីមាសខ្ពស់បំផុតរបស់ខ្លួនចំនួន ៤,៥៣ពាន់ពាន់លានដុងនៅឆ្នាំនេះ។ នេះបើយោងតាមកាសែត កាសែត VN Express៕