(ភ្នំពេញ)៖ កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ជាកម្មវិធីទូរស័ព្ទដៃដែលអគ្គនាយកដ្ឋានពន្ធដារ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដើម្បីផ្ដល់លទ្ធភាពឲ្យ

សាធារណជនចូលរួមពង្រឹងកាតព្វកិច្ចសារពើពន្ធ ពង្រឹងវប្បធម៌នៃការបង់ពន្ធ និងលើកកម្ពស់ អនុលោមភាពសារពើពន្ធ សំដៅធានាបរិយាកាសអាជីវកម្មល្អ តម្លាភាព និងការប្រកួតប្រជែង ដោយស្មើភាព (Level playing field)។

ដោយការយល់ដឹងកាន់តែទូលំទូលាយពីសារៈសំខាន់ នៃវិធានការនានារបស់រដ្ឋបាលសារពើពន្ធ ក្នុងការកៀរគរចំណូលពន្ធដារ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត សាធារណជន បានចូលរួមប្រើប្រាស់ និងបញ្ចូលវិក្កយបត្រ (Upload) ពីការទិញទំនិញឬសេវាមកអគ្គនាយកដ្ឋានពន្ធដារ តាមរយៈកម្មវិធីវិក្កយបត នាំសំណាង (GDT Lucky Draw) យ៉ាងផុលផុស។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យឃើញថា ក្នុងចំណោមវិក្កយបត្រជាង ១លាន សន្លឹក ដែលសាធារណជនបាន Upload មកក្នុងកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) មានវិក្កយបត្រត្រឹមត្រូវរហូតដល់ ៩៦.៣៩%។ នេះបើតាមព្រឹត្ដិបត្រព័ត៌មានប្រចាំសប្ដាហ៍ របស់អគ្គនាយកដ្ឋានពន្ធដារ។

តាមរយៈលទ្ធផលនេះ អាចសន្និដ្ឋានបានថា កម្រិតនៃអនុលោមភាពសារពើពន្ធ ក្នុងបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង គួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត លទ្ធផលនេះ ក៏មិនអាចកាត់ផ្ដាច់បានពីកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងអង្គភាពក្រោមឱវាទ ក្នុងការផ្តល់សេវាប្រកបដោយភាពជឿទុកចិត្តខ្ពស់ដល់អ្នកជាប់ពន្ធ និងការបញ្ជ្រាបវប្បធម៌នៃការបង់ពន្ធ តាមរូបភាពបណ្តុះបណ្តាលពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារយ៉ាងទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ។

សូមសាធារជនទាំងអស់បន្តចូលរួមប្រើប្រាស់ និងបញ្ចូលវិក្កយបត្រ ឲ្យបានច្រើន តាមកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ដែលអាចធ្វើការទាញយក (Download) ដោយឥតគិតថ្លៃពី App Store ឬ Play Store ដើម្បីជាការរួមចំណែកលើកកម្ពស់អនុលោមភាព សារពើពន្ធ និងកាត់បន្ថយការគេចវេះពន្ធ និងជាពិសេសសាធារណជន ដែលបានបញ្ចូលវិក្កយបត្រ តាមកម្មវិធីវិក្កយបត្រនាំសំណាង
(GDT Lucky Draw) នឹងអាចមានសំណាងឈ្នះរង្វាន់ធំៗ ជាច្រើនសន្ធឹកសន្ធាប់ សម្រាប់ការចាប់រង្វាន់រៀងរាល់៦ខែម្តង៕