(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រសួងយុត្តិធម៌អាមេរិកបានឱ្យដឹងនៅសប្តាហ៍នេះថា ក្រុមហ៊ុន Boeing អាចត្រូវបានកាត់ទោសក្នុងករណីធ្លាក់យន្តហោះ 737 Max ចំនួនពីរលើកជាបន្តបន្ទាប់ ដែលបានសម្លាប់មនុស្ស ៣៤៦នាក់កាលពី៥ឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

មន្ត្រីក្រសួងយុត្តិធម៌បានឱ្យដឹងនៅក្នុងលិខិតមួយផ្ញើ ទៅកាន់តុលាការសហព័ន្ធក្នុងរដ្ឋតិចសាស់ថា ក្រុមហ៊ុន Boeing បានរំលោភបំពានកាតព្វកិច្ចស្ថិតក្រោមកិច្ចព្រមព្រៀងមួយ ដែលបានការពារក្រុមហ៊ុននេះ ពីការចាប់ផ្តើមកិច្ចដំណើរការនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុននេះ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះទាំងពីរករណីនេះ។

ក្រុមហ៊ុន Boeing បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «យើងជឿថា យើងបានគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ» និងថា ក្រុមហ៊ុនមានផែនការការពារខ្លួនពីការកាត់ទោសនេះ។

មន្ត្រីអាមេរិកបានឱ្យដឹងនៅក្នុងលិខិតរបស់ខ្លួនថា ក្រុមហ៊ុន Boeing បានបំពានកាតព្វកិច្ចរបស់ខ្លួន ស្ថិតក្រោមកិច្ចព្រមព្រៀងពន្យារពេលកាត់ទោស (DFA) ដោយក្រុមហ៊ុនផលិតយន្តហោះនេះ «មិនបានបង្កើត និងអនុវត្តកម្មវិធីអនុលោមភាព និងក្រមសីលធម៌ ដើម្បីបង្ការនិងស្វែងរកការរំលោភបំពានច្បាប់ក្លែងបន្លំ របស់សហរដ្ឋអាមេរិកក្នុងប្រតិបត្តិការរបស់ខ្លួន»

ការរំលោភបំពាននេះនឹងមានន័យថា ក្រុមហ៊ុន Boeing អាចត្រូវបានកាត់ទោសពីបទរំលោភច្បាប់សហព័ន្ធទាក់ទងនឹងការធ្លាក់យន្តហោះ នេះបើយោងតាមមន្ត្រីយុត្តិធម៌សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងពន្យាពេលកាត់ទោស (DFA) គឺជាកិច្ចព្រមព្រៀងដែលធ្វើឡើងរវាងរដ្ឋអាជ្ញា និងក្រុមហ៊ុនដែលព្រឹត្តិកំហុរជំនួសឱ្យការប្តឹងទៅតុលាការ។ ជាទូទៅ រដ្ឋអាជ្ញាយល់ព្រមបញ្ឈប់ការចោទប្រកាន់ក្រុមហ៊ុនពីបទឧក្រិដ្ឋ ប្រសិនបើក្រុមហ៊ុនបំពេញតាមលក្ខខណ្ឌជាក់លាក់មួយចំនួនដូចជាការបង់ប្រាក់ពិន័យ ការអនុវត្តកំណែទម្រង់ដើម្បីទប់ស្កាត់អំពើខុសឆ្គងនាពេលអនាគត និងសហការពេញលេញជាមួយនឹងការស៊ើបអង្កេត។ បើក្រុមហ៊ុនឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវទាំងនោះ ការចោទប្រកាននឹងត្រូវបានទម្លាក់ចោល។

រដ្ឋាភិបាលអាមេរិកកំពុងវាយតម្លៃពីរបៀប ដែលត្រូវដំណើរការនីតិវិធីក្នុងបញ្ហានេះ ហើយបានបញ្ជាឱ្យក្រុមហ៊ុន Boeing ឆ្លើយតបនៅថ្ងៃទី១៣ ខែមិថុនា។ មន្ត្រីអាមេរិកក៏មានគម្រោងជួបជាមួយក្រុមគ្រួសារអ្នកស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Boeing ជើងហោះហើរ ៦១០ ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសាចរណ៍ Lion Air និងជើងហោះហើរ ៣០២ ដែលប្រតិបត្តិការដោយក្រុមហ៊ិន Ethiopian Airlines ផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោកមេធាវី Paul Cassell ដែលតំណាងឱ្យគ្រួសារជនរងគ្រោះ ធ្លាក់យន្តហោះបាននិយាយថា៖ «នេះគឺជាជំហានដំបូងប្រកបដោយវិជ្ជមានសម្រាប់ក្រុមគ្រួសារ»។ លោក Cassell បានអំពាវនាវឱ្យមានចំណាត់ការបន្ថែមទៀត ពីក្រសួងយុត្តិធម៌ និងបានបន្ថែមថា គាត់នឹងស្វែងរកព័ត៌មានលម្អិតទាក់ទងនឹង «ដំណោះស្រាយដ៏ពេញចិត្ត» ចំពោះកំហុសរបស់ក្រុមហ៊ុន Boeing។

កាលពីខែមីនា ឆ្នាំ២០១៩ យន្តហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់នៅភាគអាគ្នេយ៍នៃទីក្រុង Addis Ababa ដោយបានសម្លាប់មនុស្ស ១៥៧នាក់នៅលើយន្តហោះដែលជាការធ្លាក់លើកទី២ ក្នុងរយៈពេល ៥ខែ។ ការធ្លាក់លើកទីមួយបានកើតមានឡើងចំពោះយន្តហោះរបស់ក្រុមហ៊ុន Lion Air នៅក្នុងខែតុលាឆ្នាំ២០១៩ឲ៨ នៅសមុទ្រជ្វារបស់ប្រទេសឥណ្ឌូនេស៊ី ដែលបានបណ្តាលឱ្យមនុស្ស ១៨៩នាក់បានស្លាប់៕